ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកស្បៀងអាហារ ទៅចែកជូនដល់ ក្រុមគ្រួសាររបស់តារាចម្រៀងអ្នកនាង សួស វីហ្សា និងចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ៩គ្រួសារផ្សេងទៀត ដែលកំពុងធ្វើចត្តាឡីស័កក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ

49

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅផ្ដល់ជូនដល់ សមាជិកក្រុមគ្រួសាររបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា ដែលកំពុងធ្វើចត្តាឡីស័ក នៅលំនៅដ្ឋានរបស់ខ្លួន ស្ថិតក្នុងបុរី ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។ ដំណើរចុះសួរសុខទុក្ខនេះ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងមានការចូលរួមពី លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងសណ្ដាប់ធ្នាប់ខណ្ឌប្ញស្សីកែវ។

ចំពោះទីតាំងចត្តាឡីស័កខាងលើនេះ ត្រូវបានអាជ្ញាធរ បិទជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពី ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានរកឃើញ អ្នកជម្ងឺឈ្មោះ សួស ស្រីផល ភេទស្រី អាយុ ៣១ ឆ្នាំ ដែលគេស្គាល់ថាជា អ្នកនាង សួស វីហ្សា តារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្មហង្សមាស មានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្រោយពីការតេស្តលើកទី៣រួចមកនោះ។ អាជ្ញាធរ បានបន្តរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ អ្នកនាង សួស វីហ្សា មានចំនួន ០៨ នាក់ ក្នុងនោះរួមមាន ស្វាមី កូន និងសាច់ញាតិរបស់អ្នកនាង ដែលកំពុងរស់នៅជាមួយគ្នានៅក្នុងលំនៅដ្ឋាន ដែលត្រូវបាន ក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើតេស្ដរកមេរោគកូវីដ១៩ជាបន្ត និងត្រូវបានឱ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលជាបន្តទៀត។

ក្នុងឱ្យកាសនោះ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោកជា ពិសី បានបន្តមានប្រសាសន៍ថា ៖នៅពេលនេះ អ្នកជម្ងឺ សួស វីហ្សា និងអ្នកជម្ងឺដទៃទៀត បានមានវិជ្ជមាននឹងមេរោគកូវីដ១៩ហើយ ដូចច្នេះ សូមអោយ ក្រុមគ្រួសារសាច់ញាតិរបស់អ្នកជម្ងឺទាំងអស់ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ក្នុងផ្ទះជាមួយគ្នា សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ត្រូវតែអនុវត្តវិធានការដ៏ខ្ពស់ខ្ពស់បំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការការពារជម្ងឺកូវីដ១៩ ដែលដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ៣ ការពារ ៣ កុំ និង ២ ចូលរួម អោយបានជាដាច់ខាត រួមមាន ៖ ៣ ការពារ គឺ ការពាក់ម៉ាស់ ការលាងដៃនឹងអាកុលឬជែល និងការរក្សាគម្លាតសង្គមចាប់ពី ១ម៉ែត្រកន្លះឡើងទៅ , ៣ កុំ គឺ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលឬកន្លែងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ពាល់គ្នា (គ្រប់រូបភាព) និងចុងក្រោយ ២ ចូលរួម គឺ ការចូលរួមស្កេន ឃ្យូអរកូដ និងការចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ វិធានទាំងអស់នេះជាឱសថទិព្វ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ជាពិសេស ជាអាវុធដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អោយផុតរលត់ឆាប់ៗ។ ឯកឧត្តម បានបន្តទៀតថា សូមបងប្អូនបន្តថែទាំ សុខភាពរៀងៗខ្លួន ប្រសិនជាមានបញ្ហាអ្វីមួយ សូមបងប្អូនទាក់ទងមកកាន់ មន្ត្រី និងកងកម្លាំង ដែលកំពុងប្រចាំការស្រាប់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ស្បៀងអាហារដែលបាននាំយកចែកជូនដល់បងប្អូននាឱកាសនេះ ជាចំនួនបន្តិចបន្ដួចប៉ុណ្ណោះ ប៉ុន្តែជាទឹកចិត្តអាណិតស្រលាញ់និងយកចិត្តទុកដាក់ពីសុខទុក្ខចំពោះបងប្អូន ដោយសារបងប្អូនទាំងអស់គឺជាជនរងគ្រោះ ដូចច្នេះក្នុងនាមអាជ្ញាធរមូលដ្ឋាន យើងខ្ញុំមិនទុកបងប្អូនចោលដោយឯកោឡើយ ហើយការចុះចែកស្បៀងអាហារនេះធ្វើឡើងដោយពុំរើសអើង វណ្ណៈ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ប្រកបទៅដោយសមធម៌និងមនុស្សធម៌ពិតប្រាកដ។

នៅក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ០៦ ទីតាំង រួមមាន៖ សង្កាត់ច្រាំងចំរេះទី២ ០១ ទីតាំង សង្កាត់ច្រាំងចំរេះទី១ ០២ ទីតាំង
សង្កាត់ស្វាយប៉ាក ០១ ទីតាំង សង្កាត់ប្ញស្សីកែវ ០១ ទីតាំង និងសង្កាត់គីឡូម៉ែតលេខ៦ ចំនួន ០១ ទីតាំង ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ១០ គ្រួសារ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង ១០ គ្រួសារ អំណោយសរុបរួមមាន អង្ករ ១៩០ គ.ក មី ០១ កេស ទឹកក្រូច ០១ កេស ទឹកស៉ីអ៉ីវ ១០ យួរ ទឹកត្រី ១០ យួរ ភេសជ្ជៈ ១០ យួរ ឃីត១០កញ្ចប់( គ្រឿងឧបភោគបរិភោគ០៧មុខ) និងត្រីងៀត ១០ គ.ក។

សូមបញ្ជាក់ថា៖បើគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងខណ្ឌប្ញស្សីកែវ សរុបចំនួន ៥២ នាក់ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន ៥៧៥ នាក់។ ចំពោះប្រតិបត្តិការចុះចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋដែលបាន និងកំពុងធ្វើចត្តាឡីស័ក នៅទូទាំងខណ្ឌប្ញស្សីកែវ បានចុះទៅចំនួន ២៩ ទីតាំង ស្មើនឹង ចំនួន ១១ លើក ក្នុងនោះមានទីតាំងចត្តាឡីស័កសរុបចំនួន ៣៤ កន្លែង (ទីតាំង ០៦ កន្លែង បានបញ្ចប់វិធានការចត្តាឡីស័ក និងបានបើកដំណើរការឡើងវិញ បច្ចុប្បន្នមានទីតាំងកំពុងធ្វើចត្តាឡីស័កជាក់ស្ដែងចំនួន ២៨ ទីតាំង) និងមានប្រជាពលរដ្ឋដែលបាន និងកំពុងទទួលបានស្បៀងអាហារ សរុបចំនួន ៤៥៣ គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង