ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី អំពាវនាវអោយ ម្ចាស់ផ្ទះជួល បន្ទប់ជួល បញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»

66

ភ្នំពេញ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ អោយម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»នេះ ដោយបន្តអោយពួកគាត់ស្នាក់នៅ មិនគួរបណ្តេញ ពួកគាត់ចេញឡើយ។

  នេះបើយោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី២៦មិនានេះ ដែលក្នុងសេចក្តីអំពាវនាវនេះមានន័យថា ការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» នៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផល ប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។

  ក្នុងន័យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ ដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដូចខាងក្រោម៖

. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការ រីករាលដាលមេរោគកូវីដ១៩ មានសភាពធូរស្រាលឡើងវិញ។

. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ពីសំណាក់អ្នកជួល ទាំងឡាយដោយគួរលើកលែង ការពិន័យយឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួលនិងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ។

   រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន៕

 

អត្ថបទដែលជាប់ទាក់ទង