ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញវិជ្ជមានកូវីដ-១៩ លើកុមារីអាយុ ១១ ខែ ខេត្តត្បូងឃ្មុំ

42

 

ត្បូងឃ្មុំ ៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើកុមារីអាយុ ១១ ខែ មានទីលំនៅភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រដ្ឋ បាល ខេត្ត សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយ ដែលមានការពាក់ព័ន្ធជាមួយក្រុមគ្រួសារខាងលើ ឬទីតាំងខាងលើ សូមមេត្តា ចូលរួមសហការ ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចត្តាឡីស័ក និងយកសំណាកពិនិត្យ ងាយស្រួលទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលា។

រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង ខេត្តត្បូងឃ្មុំ ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិលាចលើ ឃុំជាំ និងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ មេត្តាជ្រាបថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ-១៩ លើកុមារី អាយុ ១១ខែ មាន ទីលំនៅ ភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រវត្តិ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កុមារីត្រូវបានឪពុកម្តាយ នាំមកមណ្ឌលសុខភាពជាំ ដោយសារជំងឺរលាកផ្លូវដង្ហើម បន្ទាប់មកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឪពុកម្តាយ និងកុមារីបានមកពិនិត្យជំងឺនៅផ្ទះពេទ្យជា នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ដោយសារឪពុកមានជំងឺគ្រុនក្តៅ លោកគ្រូពេទ្យបានព្យួរសេរ៉ូម ហើយបានឲ្យត្រឡប់ទៅផ្ទះវិញនាថ្ងៃដដែល។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម្តាយមីងរបស់កុមារីចំនួន ២នាក់ មកពីភ្នំពេញបានមកលេងផ្ទះកុមារី។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឪពុកកុមារីបានទៅមណ្ឌលសុខភាព ដោយសារ មានជំងឺក្តៅខ្លួន។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ ព្រឹក ឪពុកម្តាយ និងកុមារី បានមកពិនិត្យជំងឺនៅផ្ទះពេទ្យ ជិន ប៊ុនធឿន នៅភូមិត្បូងវត្ត ឃុំមេមត់ ដោយសារឪពុកមានជំងឺគ្រុនក្តៅ ប៉ុន្តែគ្រូពេទ្យមិនទទួលឲ្យសម្រាក បន្ទាប់មកវេលាម៉ោង ១០ព្រឹក នាថ្ងៃដដែល ពួកគាត់បានទៅមន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោង ដើម្បីព្យាបាលឪពុក ដែលមានជំងឺគ្រុនក្តៅ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឪពុកម្តាយ និងកុមារី បានយកសំណាកនៅគ្លីនិកមេឌីកា ដោយសារគ្លីនិកមេឌីកានេះ ជាប់ពាក់ព័ន្ធឈ្មោះ ឡេង ពៅ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ដែលបានចូលទៅព្យាបាលនៅទីនោះពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២១។ បន្ទាប់មកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ លទ្ធផលសំណាករបស់ឪពុកម្តាយគឺអវិជ្ជមាន ប៉ុន្តែលទ្ធផលកុមារី គឺមានវិជ្ជមានកូវីដ-១៩។ អ្នកប៉ះពាល់បឋម ជាមួយកុមារវិជ្ជមានជំងឺកូវីដ-១៩ សរុប ៣០នាក់ ស្រី១៦នាក់ ៖ អ្នកប៉ះពាល់ផ្ទាល់ចំនួន១៧នាក់ ស្រី១០នាក់ និងអ្នកប៉ះពាល់ ដោយប្រយោលចំនួន១៣នាក់ ស្រី៦នាក់។

រដ្ឋបាលខេត្ត និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ -១៩ខេត្ត បានកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ រដ្ឋបាល ខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ត្រូវទៅ យកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

រដ្ឋបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ” ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ -១៩ ខាងលើ ត្រូវតែអនុវត្តឱ្យម៉ឺងម៉ាត់ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល មកយជាស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕

អត្ថបទដែលជាប់ទាក់ទង