ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិសមភាពកាន់តែកើន ក្នុង​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ដោយសារ សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នា

106

វ៉ាស៊ីនតោនរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពចេញផ្សាយនៅថ្ងៃនេះនិយាយថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩។

មានតែប្រទេសចិននិងវៀតណាមទេដែលសេដ្ឋកិច្ចដាំក្បាលចុះហើយងើបឡើងវិញ​ចេញរាងជាអក្សរ V ដែលក្នុងនោះទិន្នផលសេដ្ឋកិច្ច​បានកើនឡើងលើសកម្រិតមុនពេលមានការរាតត្បាតជំងឺនេះ។ នៅក្នុងប្រទេសផ្សេងទៀត ទិន្នផលផលសេដ្ឋកិច្ចនៅមានជាមធ្យមប្រហែល ៥ ភាគរយ គឺ​ទាបជាងកម្រិតមុនគ្រាផ្ទុះការរាតត្បាតទៅទៀត។ អ្នករងការប៉ះទង្គិចខ្លាំងបំផុតគឺបណ្តាប្រទេសនៅតាមកោះប៉ាស៊ីហ្វិក។ សកម្ម​ភាព​របស់សេដ្ឋកិច្ចបានពឹងផ្អែកលើប្រសិទ្ធភាពនៃការទប់ស្កាត់វីរុស, លើសមត្ថភាពទាញយកអត្ថប្រយោជន៍ពីការងើបឡើងវិញនៃពាណិជ្ជកម្មអន្តរជាតិ និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រផ្នែកសារពើពន្ធនិងរូបិយវត្ថុ។

នៅក្នុង​ឆ្នាំ ២០២០ ភាពក្រីក្រនៅ​ក្នុងតំបន់បានឈប់​ធ្លាក់ចុះជាលើកដំបូង បន្ទាប់​ពីបាន​ធ្លាក់ចុះអស់ច្រើនទសវត្សរ៍​កន្លងមក។ ដោយសារតែជំងឺរាតត្បាត ប្រជាជនប្រមាណ ៣២លាននាក់នៅក្នុងតំបន់ នៅតែមិនអាចរើខ្លួនចេញផុតពីភាពក្រីក្រ (បន្ទាត់ភាពក្រីក្រគិតជាប្រាក់ ៥,៥០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ) បាន។

លោកស្រី វិកតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក និយាយថា៖  “វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតវីរុសកូវីដ១៩នេះ បានបង្អាក់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនវិសមភាពវិញ។ ក្នុងគ្រាដែលប្រទេសនានាចាប់ផ្តើមងើបឡើងវិញ នៅឆ្នាំ២០២១ គេចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជនងាយរងគ្រោះនិងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានបរិយាបន្ន, មាន​ភាពបៃតង និងភាពធន់។”

វិសមភាពបានកើនឡើង ដោយមកពីការរាតត្បាតជំងឺ និងវិធានការរឹតត្បិតការធ្វើដំណើរ ព្រមទាំងកង្វះលទ្ធភាព​ស្មើភាពគ្នាក្នុងការទទួលបានសេវាកម្មសង្គម និងបច្ចេកវិទ្យាឌីជីថល ផងដែរ។ នៅក្នុង​ប្រទេសមួយចំនួន កុមារក្នុងគ្រួសារក្រីក្របំផុតចំនួន ២ ភាគ ៥ នៃចំណោមគ្រួសារទាំងអស់ មានតិចជាង ២០ ភាគរយទេដែលនៅបន្តការរៀនសូត្រ បើ​ធៀបទៅនឹងកុមារនៃគ្រួសារធូរធាដែលមានចំនួន ១ ភាគ ៥ នៃគ្រួសារ។ រីឯស្ត្រីវិញ ពួគគេកំពុងរងអំពើហិង្សាច្រើនជាងមុន ក្នុងនោះមាន២៥ភាគរយនៃអ្នកឆ្លើយសំណួរនៅក្នុងប្រទេសឡាវ និង ៨៣ភាគរយនៅប្រទេសឥណ្ឌូនេស៊ី ដែលបាននិយាយថា អំពើហិង្សាក្នុងគ្រួសារមានសភាពកាន់តែអាក្រក់ទៅៗ ដោយសារតែវីរុសកូវីដ១៩។
កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ត្រូវបានគេរំពឹងថានឹងកើនពីការប៉ាន់ស្មាន ១,២ ភាគរយក្នុងឆ្នាំ ២០២០ ដល់ ៧.៥ ភាគរយនៅឆ្នាំ ២០២១ ។ ប៉ុន្តែយើងប្រហែលជានឹងមានសន្ទុះងើបឡើងវិញក្នុង​ល្បឿនបីខុសគ្នា។ ប្រទេសចិននិងវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២១ ក្នុងកម្រិត៨,១ ភាគរយនិង ៦,៦ ភាគរយ រៀងៗខ្លួន ពី ២,៣ភាគរយ និង ២,៩ភាគរយ ក្នុងឆ្នាំ ២០២០។ ប្រទេសធំៗដទៃទៀតក្នុងតំបន់ ដែលនៅខ្លាចការវាយលុករបស់វីរុសនៅឡើយ នឹងទទួល​បាន​កំណើនមធ្យម ៤,៦ភាគរយ គឺយឺតជាងកាលនៅមុនគ្រាមានការរាតត្បាតវីរុស។ សម្រាប់​​ប្រទេសនៅតាមកោះដែលពឹងផ្អែកលើទេសចរណ៍ ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវ​បានរំពឹងទុកថា​នឹង​អូសបន្លាយយូរជាងការព្យាករណ៍ទុក​ទៅទៀត។
របាយការណ៍បានប៉ាន់ប្រមាណថា វិធានការទ្រទ្រង់សេដ្ឋកិច្ចដែលរដ្ឋាភិបាលអាមេរិកដាក់ចេញកាលពីពេលថ្មីៗនេះ អាចនឹងរួមចំណែកបាន ១ ខ្ទង់ភាគរយជាមធ្យមដល់កំណើននៃបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០២១ និងដល់ការប្រឹងងើបឡើងវិញនៃសេដ្ឋកិច្ចបានយ៉ាងតិច ៣ ខែ ទៀតដែរ។ អ្វីដែលជាហានិភ័យចំពោះចក្ខុវិស័យនេះគឺអាចមកពីភាពយឺតៗនៃការអនុវត្ត​កម្មវិធីវ៉ាក់សាំងកូវីដ១៩ ដែលអាចធ្វើឱ្យកំណើននៅក្នុងប្រទេសមួយចំនួនយឺតជាង ១ខ្ទង់ភាគរយ។
របាយការណ៍នេះអំពាវនាវឱ្យបន្តសកម្មភាពទប់ស្កាត់ជំងឺនេះឱ្យជាប់ ជួយដល់សេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុង​ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ របាយការណ៍ក៏ព្រមានដែរថា បើគិតតាមបរិមាណស្តុកនិងការបែងចែកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសឧស្សាហកម្មនឹងចាក់វ៉ាក់សាំងបាន ៨០ភាគរយនៃប្រជាជន​របស់ខ្លួនគិតត្រឹមចុងឆ្នាំ២០២១ រីឯប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចនឹងសម្រេចបានប្រហែល ៥៥ភាគរយប៉ុណ្ណោះ។ នៅក្នុងប្រទេសអាស៊ីបូព៌ានិង​ប៉ាស៊ីហ្វ៊ិកមួយចំនួន វិធានការសម្រាលការលំបាកជីវភាពនៅមានតិចតួចបើធៀបទៅនឹងទំហំនៃការបាត់បង់ប្រាក់​ចំណូល ហើយវិធានការទ្រង់ទ្រង់សេដ្ឋកិច្ច​ក៏មិន​ទាន់ឆ្លើយតបបានទាំងស្រុងចំពោះការខ្វះខាតនៃតម្រូវការ នៅពេលដែលការវិនិយោគសាធារណៈក៏មិនសូវមានជាដុំកំភួននៅក្នុង​កិច្ចខិតខំស្តារសេដ្ឋកិច្ចឡើងវិញ រីឯបំណុលសាធារណៈវិញ វាបានកើនឡើងជាមធ្យម ៧ភាគរយនៃផលិត​ផលក្នុងស្រុកសរុប។ វិធានការធ្វើឱ្យសេដ្ឋកិច្ចកាន់តែ “បៃតង” ត្រូវចាញ់​ប្រៀបនឹងសកម្មភាពពណ៌ “ត្នោត” នៅក្នុងកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនៅទូទាំងតំបន់ ដោយក្នុងនោះ មានតែវិធានការស្តារឡើងវិញជាមធ្យមតែមួយក្នុងបួនប៉ុណ្ណោះ ដែលមានមេត្រីចំពោះអាកាសធាតុ ក្នុងចំណោមប្រទេសក្នុងតំបន់។

លោក អាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និយាយថា៖ “ជាងពេលណាៗទាំងអស់ យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់ជំងឺនេះ គាំទ្រសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ច​ឡើងវិញដោយ​ភាពបៃតង។ ប្រទេសចិនអាចដើរតួនាទីនេះយ៉ាងសំខាន់ ដោយនាំចេញផលិតផលវេជ្ជសាស្ត្របន្ថែមទៀត បង្កើនការប្រើប្រាស់របស់ខ្លួន និងចាត់វិធានការអាកាសធាតុឱ្យកាន់តែខ្លាំងក្លា។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏នឹងបានអត្ថប្រយោជន៍ពីពិភពលោកមួយ​ដែលកាន់តែមានសុវត្ថិភាព និងកំណើនប្រកបដោយតុល្យភាព ផងដែរ។”
របាយការណ៍នេះអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផលិត និងការអនុម័តវ៉ាក់សាំង ក៏ដូចជាក្នុងការបែងចែកវ៉ាក់​សាំងដោយផ្អែកលើតម្រូវការ ដើម្បីជួយទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ ។ ការសម្របសម្រួលផ្នែក​សារពើពន្ធនឹងជួយបង្កើនឥទ្ធិពលរបស់កម្មភាពរួមគ្នានេះ ពីព្រោះរដ្ឋាភិបាលខ្លះហាក់ដូចជាធ្វើអន្តរាគមន៍​ជួយ​ផ្នែក​សេដ្ឋកិច្ច​តិចតួច​ស្តួច​ស្តើងណាស់។ ក្រៅពីកិច្ចសហប្រតិបត្តិការកាត់បន្ថយការបំភាយឧស្ម័ន ជំនួយអន្តរជាតិនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រឱ្យមានលទ្ធភាព​ចាត់​វិធានការអាកាសធាតុ កាន់តែស៊ីជម្រៅថែមទៀត។
របាយការណ៍ក្រោមចំណងជើងថា Uneven Recovery ដែលផ្តោតលើគោលនយោបាយចាក់វ៉ាក់សាំង សារពើពន្ធ និងការប្រែប្រួលអាកាសធាតុ ជាការបន្តពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចំនួនពីរលើកមុនរួចមកហើយសម្រាប់តំបន់នេះក្នុងឆ្នាំ ២០២០ ដែលបានពិនិត្យទៅលើទិដ្ឋភាពគោលនយោបាយចំនួន ៦ ពាក់ព័ន្ធការងើបឡើងវិញពីជំងឺរាតត្បាតរបស់កូវីដ១៩ ក្នុងនោះមាន ការទប់ស្កាត់ដោយឆ្លាតវៃ,​ ការរៀនសូត្រដោយឆ្លាតវៃ, ការបង្កើនកិច្ចគាំពារសង្គម, ការគាំទ្រដល់ក្រុមហ៊ុន, គោលនយោបាយមានតុល្យភាពសម្រាប់​វិស័យហិរញ្ញវត្ថុ និងកំណែទម្រង់ពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង