ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈាមស្រែកស្បែកហៅ ចាប់ឃាតករជាប្តី ដែលយកកាំបិតអារក សម្លាប់ប្រពន្ធ

85

កំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឃាតករជាប្តីដែលយកកាំបិតអារក សម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសនោះ ពេលនេះសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបានហើយ  នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមក ។

ជនសង្ស័យជាឃាតកនេះមានឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះមានឈ្មោះ អឿន រ៉េន ភេទស្រី អាយុ៣៣ឆ្នាំ  ។

ជនសង្ស័យនិងជនរងគ្រោះ បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ដោយស្រ្តីរងគ្រោះជាស្ត្រីមេម៉ាយមានកូន២ ហើយក្រោយពីបានស្រឡាញ់គ្នា ជាមួយជនសង្ស័យ ក៏មានកូនម្នាក់បន្ថែមទៀត ។

នៅមុនពេលកើតហេតុ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់ បានទាស់សម្តីគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះ បានគប់បុរសជាប្តីនិងទូរស័ព្ទ។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ហើយបុរសជាប្តីបានដាក់ទឹកដោះគោឲ្យកូនបៅ និងបាននិយាយប្រាប់ទៅកូនថា ចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី ។

ស្រ្តីរងគ្រោះឮដូចនេះ ក៏ធាក់ជនសង្ស័យជាប្តីមួយជើង ដួលផ្ងារក្រោយ រួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញ ។ ដោយសារតែខឹងនឹងស្រ្តីរងគ្រោះ ធាក់បុរសជាប្តីក៏ស្ទុះទៅយកកាំបិត ដែលសៀតនឹងជញ្ជាំង យកទៅអារកស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង  ។

ក្រោយពីសម្លាប់ជនរងគ្រោះ រួចជនសង្ស័យបានរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំង ទៅខេត្តផ្សេងទៀត ដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះម្តងខេត្តនោះ រហូតដល់ថ្ងៃទី២៩ ខែមីនា ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញ មកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ សមត្ថកិច្ចដឹងក៏បានដាក់កម្លាំងចាប់បានតែម្តង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង