ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន GOLDFX INVESTMENT CO.,LTDព្យួរប្រតិបត្តិការជួញដូរបណ្តោះអាសន្ន ក៏មានសារប្តឹងបាត់បង់លុយកាក់ ដែលបានចូលរួមវិនិយោគជាមួយក្រុមហ៊ុន

95

 

ភ្នំពេញ ៖ ក្រោយពីនិយ័តករមូលបត្រកម្ពុជា បានទទួលលិខិតស្នើសុំព្យួរប្រតិបត្តិការ ជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ក៏បានឃើញសារប្តឹងពីវិនិយោគិនរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ “និយ័តករមូលបត្រកម្ពុជា”។

នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១ នេះលោកដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ លោកបានសរសេរសារនៅលើផេកហ្វេសប៊ុកថា GOLDFX INVESTMENT Co., LTD ថ្មីៗនេះមានបងប្អូនមួយចំនួនបានផ្ញើសារមកខ្ញុំ ប្រាប់អំពីបញ្ហាបាត់បង់លុយកាក់ដែលបាន ចូលរួមវិនិយោគជាមួយក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ។ សូមបងប្អូនរក្សាភាពស្ងប់ស្ងៀម ដើម្បីខ្ញុំមានឱកាសធ្វើការជាមួយក្រុមហ៊ុន រកដំណោះស្រាយជូនបងប្អូន។ សូមអរគុណ។

លោកបន្តថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង។

បើតាមសេចក្តីជូនដំណឹង និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹង ដល់វិនិយោគិនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន មេត្តាជ្រាបថា៖ ក្រោយពីនិយ័តករមូលបត្រកម្ពុជាបានទទួលលិខិតស្នើសុំព្យួរប្រតិបត្តិការជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក៏បានឃើញសារប្តឹងពីវិនិយោគិនរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ “និយ័តករមូលបត្រកម្ពុជា” ផងដែរ ដូចនេះ និយ័តករមូលបត្រកម្ពុជាសូមប្រកាសជូនដំណឹង ដល់វិនិយោគិនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន ដែលមានបំណងដាក់ពាក្យប្តឹងមកនិយ័តករមូលបត្រកម្ពុជា សូមបំពេញទម្រង់ពាក្យប្តឹងដូចភ្ជាប់មកជាមួយ ហើយដាក់ពាក្យប្តឹងនេះនៅនិយ័តករមូលបត្រកម្ពុជា ដែលមានទីស្នាក់នៅ អគារ១៦៨F ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ សូមអ្នកដាក់ពាក្យប្តឹង មកដាក់ពាក្យប្តឹងរៀងៗខ្លួន ឬតាមរយៈតំណាង ដោយមិនត្រូវប្រមូលផ្តុំគ្នាឡើយ។ និយ័តករមូលបត្រកម្ពុជា សូមក្រើនរំលឹកដល់វិនិយោគិនទាំងអស់អនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុវត្តវិធានការ
“៣ការពារ ៣កុំ” ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន GOLDFX INVESTMENT បានចេញប្រកាសថា បន្ទាប់ពីយើងបាន ធ្វើសវនកម្មក្នុងក្រុមហ៊ុន ទើបយើងដឹងច្បាស់ថា គណៈគ្រប់គ្រងមួយចំនួននៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងប្រាក់របស់អតិថិជនយ៉ាងច្រើន ដែលក្រុមហ៊ុនកំពុងចាត់ការដោះស្រាយតាមយុត្តាធិការ។ សូមមេត្តាអតិថិជនទាំងអស់ជ្រាបជាដំណឹង។

GFX tnvestmient Co.Ltd. សូមគោរពជូនឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា សំណើសុំព្យួរប្រតិបត្តិការជួញដូរបណ្តោះអាសន្ន របស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេស Se (GOLDFX INVESTMENT CO.,LTD) ។ យើងខ្ញុំសូមជម្រាបជូន ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ ដោយមានការសង្ស័យទៅលើប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុន យើងខ្ញុំ បានចាប់ផ្តើមត្រួតពិនិត្យឯកសារឡើងវិញ និងបានធ្វើសវនកម្មក្នុងក្រុមហ៊ុន ទើបដឹងច្បាស់ថា គណៈគ្រប់គ្រង មួយចំនួននៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ច ប្រាក់របស់ក្រុមហ៊ុន និងប្រាក់របស់អតិថិជនយ៉ាងច្រើន ដែលក្រុមហ៊ុនកំពុងចាត់ការដោះស្រាយ តាមយុត្តាធិការ។ ក្នុងអំឡុងពេលដោះស្រាយនេះ ដើម្បីរក្សា និងកម្រិតផលប៉ះពាល់ដល់អតិថិជន ក្រុមហ៊ុនបានសម្រេចផ្អាកប្រតិបត្តិការចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះតទៅរហូតដល់មានការសម្រេចថ្មី។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល មេត្តាជ្រាបជាព័ត៌មាន និងផ្តល់ការអនុម័តឯកភាព ចំពោះការស្នើសុំព្យួរប្រតិបត្តិការ ជួញដូរជាបណ្តោះអាសន្ន របស់ក្រុមហ៊ុន ហ្គោលហ្វអិកស៍ អ៊ិនវេសមិន (GOLDFX INVESTMENT Co.,LTD) ខាងលើ ដោយក្តីអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង