ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យពលរដ្ឋ ក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

48

 

សៀមរាប៖ ក្នុងរយៈពេល១ត្រីមាសដើម ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បាន សម្រេចអនុញ្ញាតតាមការស្នើសុំជួសជុលផ្ទះ និងសាងសង់សំណង់តូចតាចរបស់ប្រជាពល រដ្ឋទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ បានចំនួន៦១៦សំណើ ក្នុងចំនួន៩៣៤សំណើ ដែលបានស្នើឡើង។ នេះបើយោងតាមការឱ្យដឹងពីសំណាក់លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំ ពាក្យនៃអាជ្ញាធរជាតិអប្សរា ដែលបានឱ្យដឹង នៅថ្ងៃ ៤រោច ខែចេត្រ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹង ថ្ងៃព្រហស្ប ទី០១ ខែមីនា ឆ្នាំ២០២១។

លោក ឡុង កុសល បានបន្តឱ្យដឹងថា ក្នុងចំនួនករណីដែលបានអនុញ្ញាតជូនប្រជាពល រដ្ឋខាងលើ ក្នុងនោះរួមមាន នៅស្រុកប្រាសាទបាគង បានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួក បានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន ១២០ករណី និងស្រុកបន្ទាយស្រី បានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរបានចំនួន១៨ករណី សរុបទាំងអស់ចំនួន ៦១៦ករណី។

លោក ឡុង កុសល បានឱ្យដឹងទៀតថា ក្រុមការងារសហគមន៍ ក៏បានចូលរួមផងដែរក្នុងកិច្ចការមនុស្សធម៌ ដូចជា ជួយឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតជីវភាពមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង ១១២ភូមិក្នុងតំបន់អង្គរ។ ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា នឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា។ រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង