ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្កលិករបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជាចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន

32

 

ភ្នំពេញ៖ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា បុគ្កលិករបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវធ្វើតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយនេះរាប់បញ្ជូលទាំងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន។

“អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ១៩ តាមការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ”។

“បុគ្កលិករបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវធ្វើតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយនេះរាប់បញ្ជូលទាំងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនរបស់យើង ក្រុមគ្រួសាររបស់យើង សហគមន៍របស់យើង និងសហគមន៍ដែលយើងធ្វើការជាមួយ។ យើងអាចចាប់ផ្ដើមកសាងឡើងវិញឲ្យកាន់តែប្រសើរ លុះត្រាតែយើងអាចគ្រប់គ្រងជំងឺរាតត្បាតជាសាកលនេះបាន។ យើងចូលរួមចាក់វ៉ាក់សាំងការពារ ដើម្បីឲ្យយើងអាចបន្តកិច្ចការងាររបស់យើងបាន។” នេះជាប្រសាសន៍របស់លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែលចំនួន ១០.០០០ដូស ដែលចាក់បានមនុស្សវ័យអាយុ ៦០ឆ្នាំឡេីងបានចំនួន ៥០០០នាក់បន្ថែមលេីចំនួន ៥៥,៧០០នាក់ ដែលសម្តេចតេជោបាន និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ ជូនដល់ក្រុមមនុស្សអាយុពី ៦០ឆ្នាំឡេីងនេះឱ្យបានចប់ក្នុងរយ:ពេលពីរសប្តាហ៍នេះ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីលេីសុខភាពមនុស្សវ័យអាយុ ៦០ឆ្នាំឡេីង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។

យោងតាមការយល់ព្រមដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូម គោរពជម្រាបជូនសាធាណជន លោកយាយ លោកតា អុំ ពូ មីង រស់នៅក្នុងរាជធានីភ្នំពេញដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ទៅ មេត្តាជ្រាបថា ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជណាចក្រកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ពុំទាន់មានភាពថមថយនៅឡើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់ជូនបន្ថែមនូវវ៉ាក់សាំងកូវីសែលចំនួន ១០.០០០ដូសទៀតដែលដកយកចេញពីស្តុកបម្រុងសម្រាប់ចាក់ជូនមនុស្សចាស់ ដែលមានវ័យអាយុចាប់ពី ៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ ចំនួន៥០០០នាក់បន្ថែមទៀត ដែលយុទ្ធនាការចាក់វ៉ាក់សាំង បច្ចុប្បន្ននេះ មានចំនួន ៥៥.៧០០នាក់។ ដូចនេះ យោងតាមការបន្ថែមចំនួនវាក់សាំងនេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ឆ្នាំឡើងនៅក្នុងរាជធានីភ្នំពេញ ដែលកំពុង និងនឹងត្រូវបានចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ ត្រូវបានកើនចំនួនសរុប ដល់ ៦០.៧០០នាក់ ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើក្រុមមនុស្សវ័យចាស់នេះ។ សូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអុំ ពូ មីង ពុកម៉ែ បងប្អូនទាំងអស់រស់នៅបច្ចុប្បន្ន ដើម្បី ចុះឈ្មោះ និង សម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឱ្យបានឆាប់ជាទីបំផុត ដោយអនុវត្តន៍តាមការណែនាំ និងការអញ្ជើញពីអាជ្ញាធរ សង្កាត់ ទៅតាមកម្មវិធីចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ ដើម្បីបញ្ចៀសបាននូវការកកស្ទះ ភាពរញ៉េរញ៉ៃ និងមិនមានស ណ្តាប់ធ្នាប់ កង្វះខាតវិធានការការពារការចម្លងវីរុសកូពី៥-១៩ នៅកន្លែងចាក់វ៉ាក់សាំង។

លើសពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែគិតគូរដល់ក្រុមនុស្សវ័យពី ៦០ឆ្នាំឡើងនោះទេ គឺបានសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្តល់ការចាក់វ៉ាក់សាំងជូនបុគ្គលិក ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន មានដូចជា៖ ស្ថានទូតចំនួន ១៨ នៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកសរុបចំនួន ៧៤១នាក់ បានចាក់រួចរាល់នៅថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យកុមារជាតិ។

អង្គការអន្តរជាតិចំនួន ៤៤អង្គការ ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មានបុគ្គលិកសរុបចំនួន ១.៦៧១ នាក់ បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។អង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត មានបុគ្គលិកចំនួន ៤៤៣នាក់ ដែលនឹងជូនដំណឹងដល់អង្គការទាំងនោះ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលនឹងត្រូវរៀបចំចាក់ជូនចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តទៅនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ជាពិសេសត្រូវបន្តអនុវត្តវិធានការ ” ៣ការពារ និង ៣កុំ ” ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអញ្ជើញក្រុមមនុស្សដែលត្រូវបានកំណត់វេនចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត នៅពេលដល់វេនរបស់ខ្លួន កុំខានឱ្យសោះ។

បើមិនទាន់ដល់វេនខ្លួនទេនោះ សូមមេត្តាខន្តីអភ័យទោស រងចាំវេនមកដល់ សឹមអញ្ជើញទៅចាក់នៅទីតាំងដែលនឹងកំណត់ផ្សាយជូនជាបន្តបន្ទាប់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យ និងពិគ្រោះជំងឺនៅតាមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង