ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពារការចម្លងវីរុសកូរីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

41

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូរីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមសារាច ណែនាំលេខ ០១ សរណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្តីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព .ស . ២៥៦៤ ដល់ ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព .ស . ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ និង ដោយផ្អែកលើស្ថានភាពនៃការចម្លងនៃវីរុសកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា មិនទាន់ថមថយនៅឡើយ និងដោយសារពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗ គ្នានូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ) និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១. នៅក្នុងវត្តអារ៉ាមត្រូវពាក់ម៉ាស់ ក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល

អាជ្ញាធររាជធានី -ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់ /ខ័ណ្ឌ គណៈកម្មាធិការថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តន៍វិធានការសុខាភិបាល (មានដូចខាង ក្រោមនេះ) បង្កើនសកម្មភាពត្រួតពិនិត្យ តាមដានលើពុទ្ធបរិស័ទ ដែលចេញ -ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ ឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្លួន ហើយបុគ្គលគ្រប់រូបត្រូវចូលរួមអនុវត្តន៍កិច្ចការពារខ្លួន កុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តន៍វិធានការដូចតទៅ៖

– អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗត្រូវពាក់ម៉ាស់ជាចាំបាច់និងជាប្រចាំ។
– រៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃឱ្យបានញឹកញាប់។
– ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកក្រេលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់កុំឱ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។
– កំណត់នូវចំនួនពុទ្ធបរិស័ទដែលត្រូវអនុញ្ញាតឱ្យចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ទៅតាមទំហំនៃវត្ត អារាម វិហារ សាលាឆាន់ និងកុដិ ដោយលៃយ៉ាងណាកុំឱ្យមានមនុស្សច្រើន និង ចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នា លើសពីមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) ទោះដើរ អង្គុយ ឈរឬវេរចង្ហាន់ និងទេយ្យទាន បុគ្គលម្នាក់ទៅម្នាក់ដោយបែងចែកដាក់វេន នៅក្នុងការចេញ-ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ។
– ព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់គ្នាត្រូវពាក់ម៉ាស់ជាប្រចាំគ្រប់ពេល លើកលែងតែពេលឆាន់ ឬបរិភោគអាហារតែ ប៉ុណ្ណោះ។
– សម្រាប់បុគ្គលដែលបានព្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ រួចហើយ ត្រូវឱ្យចេញភ្លាមៗពីវត្ត អារាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ កុំនៅបង្អែរបង្អង់យូរ ដើម្បីចូលរួមកាត់បន្ថយបានជាអតិបរិមាឱកាសនៃការចម្លង វីរុសកូវីដ-១៩ និងដើម្បីទុកពេលនិងកន្លែងឱ្យបុគ្គលដទៃទៀត បានចូលទៅព្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃម្តង ។
– សូមរក្សាទុកតែព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទតែមួយចំនួនណានោះ ដោយផ្អែកលើគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើងទៅ សម្រាប់សូត្រព្រះធម៌ វេរចង្ហាន់ បង្សកូល និងឧទិស្វកុសលជូនដល់ មាតា បិតា អាតិការ និងបុព្វការីជន ដែលបានធ្វើ មរណភាពទៅហើយនោះជាកិច្ចបញ្ចប់ពិធីបុណ្យ។
– ត្រូវរៀបចំចង្ហាន់ សម្រាប់ព្រះសង្ឃម្នាក់ៗដាច់ពីគ្នា ចៀសវាងការឆាន់រួមគ្នា និងរក្សាគម្លាតសុវត្ថិភាពពីព្រះសង្ឃម្នាក់ទៅម្នាក់ មួយម៉ែត្រកន្លះ (១.៥ម៉ែត្រ)។
– ចំពោះដូនជី តាជី និងពុទ្ធបរិស័ទតែមួយចំនួនដែលពិសាអាហារ នៅក្នុងវត្តបន្ទាប់ពីសូត្រព្រះធម៌ វេរចង្ហាន់ បង្សកូល និង ឧទិស្វកុសលជូនដល់ មាតា បិតា អាតិការ និងបុព្វការីជនដែលបានធ្វើមរណភាព ទៅហើយនោះជាកិច្ចបញ្ចប់ពិធីបុណ្យ ហើយនោះ ត្រូវរៀបចំបរិភោគដាច់ដោយឡែកៗពីគ្នា ជាមួយនិងការរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ មួយម៉ែត្រកន្លះ( ១.៥ម៉ែត្រ)។
– ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍១១៥ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ឬករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម។
– អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តន៍ឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ និងការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ កុំច្របូកច្របល់ចៀសវាង ការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជនក្នុងដែន សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យមានការអនុវត្តន៍វិធានការការពារខ្លួន ស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដោយប្រកាន់យកនូវការអនុវត្តន៍វិធីការពារខ្លួនគឺ ៣ការពារ និង៣កុំ ។

២. ការជួបជុំគ្រួសារឬដំណើរកម្សាន្ត ៖
កុំចេញក្រៅផ្ទះ បើមិនចាំបាច់។
សូមផ្អាកនូវរាល់ដំណើរកម្សាន្តនានាដែលមិនចាំបាច់ ពីព្រោះវាអាចបណ្តាលឱ្យមានហានិភ័យនៃការចម្លងវីរុស កូវីដ-១៩ ជាពិសេសទៅតំបន់ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែល កំណត់ដោយក្រសួងសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។
បើចាំបាច់ត្រូវចេញក្រៅផ្ទះ សូមជ្រើសរើសការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិន មានការជួបជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថាការធ្វើដំណើរ នោះប្រកបដោយសុវត្ថិភាព ពីការចម្លងវីរុសកូវីដ-១៩ ។
កាត់បន្ថយឱ្យបានជាអតិប្បរិមា នូវការជួបជុំគ្នាដែលជាលក្ខណៈប្រមូលផ្តុំ នាំឱ្យមានមនុស្សច្រើនជួបគ្នាដូចជា ការធ្វើដំណើររួមគ្នា ការប្រមូលផ្តុំដើម្បីបរិភោគអាហារ ឬស៊ីផឹក ឬ លេងល្បែងស៊ីសង ឬច្រៀងរាំរួមគ្នា។ សូមគិតថាការជួបជុំគ្នាច្រើនជាកត្តាហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ទោះបីជាអ្នកគិតថាសុទ្ធតែមិងប្អូនបង្កើត
បងប្អូនជីដូនមួយ ជីទួតមួយ ក្មួយៗ អុំ ពូ មីង ដែលជាសាច់ញាតិក៏ដោយ ពីព្រោះយើងមិនដឹងថាបុគ្គលណាម្នាក់ បានទៅប៉ះពាល់ ឬមានវីរុសកូវីដ-១៩ នេះទេ។ សូមចូលរួមតាមដាន រំលឹក និងមើលថែរក្សាកូនចៅ កុំដោយដើរហើរចេញក្រៅផ្ទះ បើមិនមានការចាំបាច់។
ចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី -ខេត្ត ជាពិសេសទៅកាន់បណ្តាខេត្តនានា រមណីយដ្ឋាន
ឬចេញ-ចូលតំបន់ ឬទីកន្លែងដែលបាននិងកំពុងមានការ ផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។
ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ។ ត្រូវខ្ទប់ម៉ាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុង ធុងសម្រាបបិទជិត៕

អត្ថបទដែលជាប់ទាក់ទង