ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ចំនួន​៧​នាក់ហូប​ត្រីខកំប៉ុង​ ក៏​ស្រាប់តែ​ពុល

46

ខេត្តរតនគិរី ៖ លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការ​នគរបាល​ស្រុក​អូ​យ៉ា​ដាវ បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ហូប​ត្រីខកំប៉ុង​ ក៏​ស្រាប់តែ​ពុល បណ្តាល​ឱ្យ​ក្អួតចង្អោរ ទន់ដៃទន់ជើង​គ្រប់​គ្នា ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ចុះ​ទៅ​ជួយ ដោយ​​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​ភិ ឃុំ​សេ​សាន្ត ស្រុក​អូ​រយ៉ា​ដាវ​ខេត្តរតនគិរី។

លោក​វរសេនីយ៍ឯក សូ​យ សំណាង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៧​នាក់​ខាងលើ​នោះ​មាន ៖ ទី​១-​ឈ្មោះ សល់ សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​២-​ឈ្មោះ សល់ ឡេ​ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ទី​៣-​ឈ្មោះ សេវ លី​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ​, ទី​៤-​ឈ្មោះ សល់ ញូ​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, ទី​៥-​ឈ្មោះ សល់ ដា​នី ភេទ​ស្រី អាយុ​១១​ឆ្នាំ​, ទី​៦-​ឈ្មោះ សល់ សេ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ទី​៧-​ឈ្មោះ សល់ ព្រំ ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​។ ជន​រង​គ្រោះ​ទាំងអស់​គ្នា រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។ ក្រោយ​ពី​លោក​បាន​ទទួល​ដំណឹង​ពី​លោក​មេ​ភូមិ​ភ្លាម​ៗ​ថា មាន​ករណី​អ្នក​ហូប​ត្រីខ​ពុល​ហើយ​មាន​អាកា​រៈ​វិលមុខ ក្អួត​ចង្អោរ ទន់ដៃទន់ជើង​នោះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ជួយ​អន្ដរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។ លុះ​ពេល​ទៅ​ដល់ ក៏​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​នាំ​មក​ដល់​ចំណុច​កំពង់ចម្លង​ភូមិ​ភិ​ទៅ​ហើយ រួច​ក៏​ដឹក​យក​មក​កាន់​មណ្ឌល​សុខភាព​ស្រុក​អូ​យ៉ា​ដាវ ដើម្បី​សង្គ្រោះ​បន្ទាន់​តែ​ម្តង​។

លោកអធិការបានបន្តថា នៅវេលាម៉ោង ៦:៣០នាទី លោកបានទទួលទូស័ព្ទពីលោកមេភូមិភិ ថា មានករណីអ្នកហូបត្រីខពុល ដោយមានអាការៈវិលមុខ ក្អួត ទន់ដៃទន់ជើង។ ដោយស្នើឱ្យជួយអន្ដរាគមន៍ ជួយទៅទទួលជនរងគ្រោះយកមកកាន់មណ្ឌលសុខភាព អូរយ៉ាដាវ។

លោកថា រហូតដល់ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោកចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខ ម៉ាក គឺហ្វខេន ទៅអធិការដ្ឋានដើម្បីពិនិត្យ។ ពួកគាត់ទាំង ៧នាក់ បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញនៅឡើយទេ ដោយរងចាំតាមដានអាការៈបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង