ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជំរុញឱ្យគណៈកម្មការចំពោះកិច្ច រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ

36

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសដោយជំរុញឱ្យលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាគណៈកម្មការចំពោះកិច្ច និងឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ជាបន្ទាន់ ដើម្បីប្រើឱ្យអស់លទ្ធភាពជួយក្នុងសភាពការណ៍ ដែលកំពុងវិវត្តដ៏អាក្រក់នៅទីក្រុងភ្នំពេញនេះ។
បើតាមសារសំឡេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ភ្នំពេញ ក្លាយទៅជាចំណុចសំខាន់ នៃការឆ្លងរីករាលដាល ហើយក៏ត្រូវជាទីកន្លែងដែលយើងត្រូវទប់ស្កាត់។ វ៉ាក់សាំង គឺបានប្រើប្រាស់នៅគ្រប់ខេត្តរាជធានី ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ត្រូវតែប្រើប្រាស់ឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ អោយប្រើស៊ីណូហ្វាម 40ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នក ដែលមានហានិភ័យ ដូចជាអ្នករត់កង់បី ដូចជាអ្នករត់តាក់ស៊ី និងអ្នករកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្កា នៅតាមផ្សារ ដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំគិតថា ចំនួន40ម៉ឺនដូសនេះ អាចប្រើប្រាស់បាន បន្ថែមទៅលើដែលយើងបានចាក់អាស្ត្រាហ្សេនីកា ទៅឲ្យមនុស្សចាស់ អាយុលើសពី60ឆ្នាំ។ ហើយយើងតម្រង់ឆ្ពោះទៅចំពោះអ្នកដែលរងហានិភ័យ ទាក់ទិនដឹងមុខរបរក្រៅប្រព័ន្ធ ជាពិសេសនៅតាមទីផ្សារតែម្តង។ ក្នុងនោះសម្តេចតេជោ ស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច និងមួយទៀតជាអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់ទៅលើការចាក់ឲ្យអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៊ី ដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅក្នុងទីផ្សារ ឲ្យបានឆាប់រហ័ស ហើយធ្វើសកម្មភាពដើម្បីចាក់វ៉ាក់សាំង ឲ្យពួកគាត់ ដូចដែលយើងបានធ្វើជាមួយកម្មករ នៃក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីផងដែរ ហើយអ្នកកង់បី អ្នកតាក់ស៊ី អ្នកដឹកជញ្ជូនផ្សេងៗ ដែលយកតាមការបញ្ជារ ពីកន្លែងមួយ ទៅកន្លែងមួយ ក៏ត្រូវទទួលបានចាក់វ៉ាក់សាំងអង្ការផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស៊ីណូហ្វាម គឺជាវ៉ាក់សាំង ដែលឆាប់ទទួលរវាងដូសទី1 និងដូសទី2 កូនៗរបស់ខ្ញុំ គឺចាក់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ មានតែខ្លួនខ្ញុំនិងភរិយាខ្ញុំទេ ដោយសារកត្តាអាយុ បានជាខ្ញុំត្រូវចាក់អាស្ត្រាហ្សេនីកា បើសិនជាគេមិនហាមឃាត់ ទៅលើបញ្ហាអាយុទេ ខ្ញុំនឹងចាក់ស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ដែលងាយឲ្យយើង នៅក្នុងការទទួលដូសទីមួយ នឹងដូសទី២ យ៉ាងឆាប់រហ័ស សម្រាប់ខ្ញុំឥឡូវនេះ គឺរងចាំរហូតដល់ថ្ងៃទី29 ខែមេសា ទើបទទួលនូវដូសទី2 ព្រោះអាស្រ្តាហ្សេនីកា មានប្រសិទ្ធភាពក្រោយ28សប្តាហ៍ ទៅ12សប្តាហ៍ ទើបមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែចំពោះស៊ីណូហ្វាម គឺប្រើចន្លោះនៅក្នុងប៉ុន្មានថ្ងៃប៉ុណ្ណោះ គឺអាចទទួលបាននូវដូសទី២។ ដូច្នេះខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់រៀបចំ ជាពិសេសលោកជំទាវ ឱ វណ្ណឌីន ត្រូវធ្វើការភ្លាមជាមួយនឹងឯកឧត្តម ឃួង ស្រេង ហើយឯកឧត្តម ឃួង ស្រេង ត្រូវតែប្រមូលបញ្ជីឈ្មោះ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំង ជូនចំពោះប្រជាពលរដ្ឋ ដែលរស់នៅតាមផ្សារ ទាំងអ្នកយាមផ្សារ ទាំងអ្នករកស៊ីលក់ដូរតាមផ្សារ ទាំងអ្នកធ្វើដំណើរដឹកជញ្ជូនបន្លែបង្ការ ឬក៏ការទិញតាមonline ពីហាងមួយ ទៅកាន់ផ្ទះមួយ ហើយពីផ្ទះមួយ ទៅផ្ទះមួយទៀត គឺជាភ្នាក់ងារចម្លង បើយើងធ្វើមិនស្រួលទេ វាអាចជាភ្នាក់ងារចម្លងពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះខ្ញុំស្នើឲ្យយកចិត្តទុកដាក់រៀបចំ ហោចណាស់យើងចាក់បន្ថែមបាន20 ម៉ឺននាក់ នៅទីក្រុងភ្នំពេញ សំរាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះតែម្ដង។ បន្ថែមទៅលើអាស្ត្រាហ្សេនីកា ចាក់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាកំពុងដំណើរការចាក់ស៊ីណូវ៉ាក់ ឲ្យមន្ត្រីរាជការ ក៏ដូចជាកម្មករមួយចំនួនផងដែរ។

អត្ថបទដែលជាប់ទាក់ទង