ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីអាយុ ៦១ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩

33

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២ ខែមេសានេះថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ដែលរស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទីយប់ ។

ក្រសួងសុខាភិបាលបានបន្តថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានយកសំណាកនៅមន្ទីរពេទ្យខេមាអន្តរជាតិ បឹងកេងកង១ និងទទួលបានលទ្ធផលថា មានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយស្ត្រីខាងលើត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង ០៩:១០ព្រឹក។

ប្រភពដដែលបានបញ្ជាក់ថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមបច្ចេកទេស ដោយអ្នកជំងឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី យប់។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ -១៩។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

គួរបញ្ជាក់ថា មនុស្សចំនួន ១៧នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ គឺគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង