ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីអាយុ ៥៦ឆ្នាំ ស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង តែវិជ្ជមានជំងឺកូវីដ-១៩

32

 

ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដែលរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ នៅគេហដ្ឋានរបស់សពប៉ុន្តែសពមានវិជ្ជមានជំងឺកូវីដ១៩ហើយក្រុមគ្រូពេទ្យ យកសពទៅបូជាតាមបច្ចេកទេសសុខាភិបាល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបន្តថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ជាអ្នកធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺមានជំងឺលើសសម្ពាធឈាមប្រចាំកាយ កំពុងប្រើប្រាស់ថ្នាំជាប្រចាំ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ថ្ងៃត្រង់ គាត់កំពុងពិសាបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ ក្រុមគ្រួសារបានជួយសង្គ្រោះដោយធ្វើចលនាបេះដូងមួយសន្ទុះ គាត់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់នៅគេហដ្ឋានរបស់គាត់។

ក្រោយទទួលបានដំណឹងពីក្រុមគ្រួសារភ្លាម ក្រុមឆ្លើយតបបន្ទាន់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានចុះទៅយកសំណាករបស់សព នៅថ្ងៃដដែលនេះលទ្ធផលបានបង្ហាញថាសពមានវិជ្ជមានវីរុសកូវីដ-១៩។ ក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ចែងបូជាសពតាមវិធានសុខាភិបាល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារស្ទះសរសៃឈាមបេះដូងភ្លាមៗ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ នោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕

អត្ថបទដែលជាប់ទាក់ទង