ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបដំណាំកញ្ឆា ចំណែកជនសង្ស័យ ដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់

46

មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ ក្នុងកិច្ចប្រតិបត្តិការអនុវត្តផែនការ​យុទ្ធនា​ការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦​ ទូទាំងខេត្តមណ្ឌលគិរី,​ នាថ្ងៃអាទិត្យ​ ទី០៤ ខែមេសា ឆ្នាំ២០២១​ វេលាម៉ោង​១០:៣០នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ បានសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីដាំដុះដំណាំកញ្ឆាមួយកន្លែងស្ថិតនៅត្រង់ចំណុចចម្ការរបស់ឈ្មោះ មេីប​ អឿន​ នៅក្បែរមាត់អូរទេ​ ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី ។ ចំណែកជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន៖ ដេីមកញ្ឆាទម្ងន់ ចំនួន​ ៣៨៤​ គីឡូក្រាម, ធុងបាញ់ថ្នាំចំនួន​ ០១,​ ធុងស្រោចដំណាំចំនួន​ ០១, ចបចំនួន​ ០៣, ម៉ាស៊ីនមូមទឹកចំនួន ០២ គ្រឿង​ និងដំណាំកូនកញ្ឆាតូចៗមួយចំនួនទៀតទើបនឹងដាំ​ ត្រូវបានកម្លាំងសមត្ថកិច្ចយើងបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង។

ករណីនេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ បានយកវត្ថុតាងខាងលើមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ និងតាមស្វែងរកម្ចាស់ចំការខាងលើដេីម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង