ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ១ករណី នៅខេត្តរតនគិរី

43

 

រតនគិរី ៖ ឯកឧត្តមថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធរណជនជ្រាបថា កន្លងមករដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង ខេត្តរតនគិរី ដោយយោងតាមលទ្ធផលពវិភាគសំណកអ្នកសង្ស័យ។ ទន្ទឹមគ្នានេះ ដោយមានការសង្ស័យ បានធ្វើការផ្ទៀងផ្ទាត់ឡើងវិញ និងកំពុងរង់ចាំការធ្វើតេស្តសំណាកលើកទី២។

ឯកឧត្តមថង សាវុន បានបញ្ជាក់ថា បើទោះបីជាលទ្ធផលយ៉ាងណា ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មន្ត្ត្រីជំនាញទាំងអស់ ដែលបានអនុវត្តវិធានការអន្តរាគមន៍ឆ្លើយតបបានទាន់ពេលវេលា ឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍ជាក់ស្តែង ក្នុងគោលដៅកាត់ផ្តាច់ការចម្លង និងរកឲ្យឃើញអ្នកពាក់ព័ន្ធទាំងអស់ ជៀសវាងសភាពការណ៍ទុំជោរហូតដល់មិនអាចគ្រប់គ្រងបាន។ នេះជាករណីដែលយើងមិនអាចមើលនឹងភ្នែកបាន ឆ្លើយតបបាមភ្លាមៗ គឺទាមទារភាពច្បាស់លាស់ពីជំនាញ។

អភិបាលខេត្តរតនគិរិ បានបានលើកឡើងថា យើងនៅតែបន្តអនុវត្តវិធានការចត្តាឡីស័កតាមផ្ទះ អ្នកដែលធ្វើដំណើរចូលខេត្តទាំងអស់ និងសូមអំពាវនាវបងប្អូនអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តតនគិរីបានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកផ្ទុកមេរោគេអូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង ។

រដ្ឋបាលខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ យោងតាមលទ្ធផលវត្ថុវិភាគសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈ បានបង្ហាញលទ្ធផលវិជ្ជមានមេរោគកូវីដ-១៩ លើកដំបូង ១ករណី នៅក្នុងខេត្តរតនគិរី លើឈ្មោះ ញឹក សុជា ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង។ តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធនៅស្រុកតាវែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន។

តាមការបញ្ជាក់ ឈ្មោះ ញឹក សុជា កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដើរលេង ភ្លេង និងទំនាក់ទំនងជាមួយបងប្អូន មិត្តភ័ក្ត្រមួយចំនួននៅក្នុងខេត្តក្រចេះ។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរមកខេត្តរតនគិរី ដល់ចំណុចអូរពងមាន់ឈប់រថយន្តទិញទឹក(មិនចុះពីឡាន) បន្ទាប់មកបានចុះចាក់ប្រេង និងទិញបាយម្ហូបនៅចំណុចអូរចេញ ភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងបន្តដំណើរដល់ស្រុកតាវែង និងបានដាក់ចត្តាឡីស័កដោយខ្លួនរយៈពេល ១៤ថ្ងៃ ដោយមានកិច្ចសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ច។ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានការសង្ស័យ បុគ្គលខាងលើ បានទាក់ទងជាមួយមន្ត្រីសុខាភិបាល ដើម្បីចុះយកសំណាកដើម្បីវិភាគទាំងពីរនាក់ប្តីប្រពន្ធ។ លទ្ធផល វិភាគថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបង្ហាញថា បុគ្គលជាប្តីឈ្មោះ ញឹក សុជា មានផ្ទុកមេរោគកូវីដ-១៩ និងប្រពន្ធអវិជ្ជមានកូវីដ-១៩។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា ដែលមាន់ទីតាំងដូចបានជម្រាបជូនខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ សូមសហការផ្តល់ព័ត៌មាន ដើម្បីមន្ត្រី ជំនាញចុះយកវត្ថុវិភាគ និងត្រូវដាក់ចត្តាឡីស័កខ្លួនឯង ១៤ថ្ងៃ ។

បើតាមរបាយការណ៍នៅថ្ងៃចន្ទទី៥ខែមេសាឆ្នាំ២០២១នេះ ព័ត៌មានកូវីដ-១៩ ករណីបុរសឈ្មោះ ញឹប សុខជា (ប្រុស) អាយុ៣១ឆ្នាំ ទីលំនៅភូមិសំបុក ឃុំសំបុក មានវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងទី៤ខែមេសាឆ្នាំ២០២១ ដែលបុរសនោះបានមកស្នាក់នៅផ្ទះបងប្អូន ចំនួន០២យប់ គឺ ÷ យប់ថ្ងៃទី23/03/2021 ស្នាក់នៅផ្ទះឈ្មោះ ហូ ណាវី ស្ថិតនៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ យប់ថ្ងៃទី24/03/2021 ស្នាក់នៅផ្ទះឈ្មោះ ចាន់ ណា ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបុក សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកចិត្របុរី ចុះស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល និងក្រោយទទួលបានព័ត៌មានកែតម្រូវចុងក្រោយ ឃើញថា÷ បុរសនោះពុំមានវិជ្ជមានកូវីដ-១៩នោះទេ ដូច្នោះ សូមបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំបុកទាំងមូល សូមកុំមានការភាន់ច្រលំតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង