ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម

58

ភ្នំពេញ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម ជាម មិញជិញ ដែលទើបត្រូវបានសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើស តាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការជ្រើសតាំងនេះ បានបង្ហាញយ៉ាងច្បាស់ នូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយសមត្ថភាព ប្រជាប្រិយភាព និងការរួមវិភាគទានយ៉ាងសំខាន់ក្នុង បុព្វហេតុកសាងនិងការពារមាតុភូមិរបស់ឯកឧត្តម ផាម មិញជិញ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានរហូតមក ដល់បច្ចុប្បន្ននេះ ព្រមទាំងបានសម្តែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំដ៏វាងវៃរបស់ឯកឧត្តម ផាម មិញជិញ រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងអនុវត្តដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ៥ឆ្នាំ (២០២១-២០២៥) និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមរយៈពេល ១០ឆ្នាំ (២០២១-២០៣០) តាមសេចក្តីសម្រេចចិត្តរបស់គណបក្សកុម្មុយនិស្ត និងរដ្ឋសភាវៀតណាម។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច តេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានបញ្ជាក់នូវបំណងធ្វើកិច្ចសហការយ៉ាងល្អ និងជិតស្និទ្ធជាមួយសម្តេចតេជោ ក្នុងការបន្តពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់គ្រងដោយ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម ។

ឯកឧត្តម ផាម មិញជិញ ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជាជនកម្ពុជា នឹងជំនះបាននូវផលប៉ះពាល់បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្តារ សេដ្ឋកិច្ចឡើងវិញកាន់តែខ្លាំង និងរឹងមាំ បានយ៉ាងឆាប់រហ័សនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងសភាពការណ៍កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ប្រទេសទាំងពីរនៅរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ និងការផ្លាស់ប្តូរយោបល់តាមរយៈប្រព័ន្ធវីដេអូ និងទូរស័ព្ទ ទាំងនៅថ្នាក់កំពូល និងនៅថ្នាក់មូលដ្ឋាន ។ ទន្ទឹមនេះដែរ ភាគីទាំងពីរ ក៏បានបង្កើនប្រសិទ្ធភាពនៃបណ្ដាយន្តការ សហប្រតិបត្តិការទ្វេភាគី ជាពិសេស ទំហំពាណិជ្ជកម្មទ្វេ ទិសនៅបន្តមានកំណើនគួរអោយកត់សម្គាល់ ក្នុង ខណៈដែលកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងអប់រំ ក៏ត្រូវបានបន្តយកចិត្តទុកដាក់។ ភាគីទាំងពីរ បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការសហការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការជំរុញសកម្មភាពផ្លាស់ប្តូរទំនិញ និងការដោះស្រាយ បានទាន់ពេលវេលានូវរាល់បញ្ហាដែលកើតមាន ជាយថាហេតុ ។

ភាគីទាំងពីរ បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី។ ឯកឧត្តម ផាម មិញជិញ បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រវៀតណាមអោយបំពេញតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២០ ដោយជោគជ័យ និងបានបញ្ជាក់អំពីការគាំទ្ររបស់វៀតណាមចំពោះកម្ពុជាក្នុងការបំពេញ តួនាទីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី -អឺរុប(ASEM) លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធាន អាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ អោយបានប្រកបដោយជោគជ័យ។

នៅចុងបញ្ចប់នៃការសន្ទនា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ ក៏បានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងពេលវេលាសមស្រប៕

អត្ថបទដែលជាប់ទាក់ទង