ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើបច្ចុប្បន្នភាព លើការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញ

173

 

ភ្នំពេញ៖ថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួប ពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការសម្រួលពីលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំទទួល បន្ទុកលើជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផង ដែរ។

អង្គប្រជុំបានពិភាក្សាលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗទាំងឡាយដែលក្នុងនោះរួមមាន៖ ការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូន សាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកប ដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ ទីក្រុង ផែនការមេជាតិភ័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ ការគាំទ្រ និងកិច្ចសហការល្អជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបាន និងគម្រោងកំពុងអនុវត្តបន្តនានា និងទិដ្ឋភាពជាច្រើនដែលចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងដូចជា៖ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់ គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីកាត់ពិន្ទុបណ្ណបើក បរចំពោះអ្នកបើកបរដែលល្មើស ខណៈការពិន័យជាប្រាក់នៅតែពុំរាងចាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីអត្រានៃគ្រោះថ្នាក់ចរាចរណ៍ដែលបានធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាមួយថ្មីទៀតក្នុងការចាប់យក រូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះមានកម្មវិធីស្កេនលើ បណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស និងបានបន្ថែមថា៖ ក្រុមការងារព័ត៌មានវិទ្យា (IT)របស់ក្រសួងកំពុងជំរុញការងាររៀបចំប្រព័ន្ធនេះឱ្យបានចប់សព្វគ្រប់ ដើម្បីយក ទៅធ្វើបទបង្ហាញជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពលើការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងMono Rail នៅរាជធានីភ្នំពេញដែលត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។
គួរកត់សម្គាល់ថា៖ ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការ បិតផ្លាកសុវត្ថិភាពលើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលកន្លងមកដូចជា៖ កង់ រ៉ឺម៉ក គោយន្ត និងឧបករណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈគ្មានភ្លើងបំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់ និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យមើលលទ្ធភាពជួយគាំទ្រលើកិច្ចខិតខំប្រែងនេះបន្ត ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ គំនូសចរាចរណ៍និងសញ្ញាចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គាល់ផ្លូវ ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើផងដែរឱ្យធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួនទៅលើ តំបន់ឆ្លងកាត់ព្រំដែននានារបស់កម្ពុជា(Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេស ទីផ្សារមហាអនុតំបន់ទន្លេមេគង្គ(GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការ ឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឱ្យប្រសើរឡើងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាតាម រយៈកំណើនសេដ្ឋកិច្ច។
ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះសំណើនានា ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង និងបានគូសបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕

 

អត្ថបទដែលជាប់ទាក់ទង