ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ រោងចក្រកាត់ដេរ ឌីន ហាន ជិត ៥០នាក់ ឆ្លងមេរោគកូវីដ១៩

16

 

ភ្នំពេញ ៖ បងប្អូនកម្មករ-កម្មការិនី រោងចក្រកាត់ដេរ ឌីន ហាន ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជិត ៥០នាក់ បានឆ្លងមេរោគកូវីដ១៩។ នេះបើតាមការអះអាង របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៧ ខែមេសានេះ។ ជាមួយគ្នានោះលោក ម៉េត មាសភក្តី ក៏បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីដទៃទៀត ដែលធ្វើការនៅរោងចក្រនេះ ទៅធ្វើតេស្តនៅក្នុងរោងចក្រខាងលើនេះផងដែរ។

គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ ឌីន ហាន ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។

អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង សូមអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក ដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែកជាកំហិត បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។

រោងចក្រកាត់ដេរ ឌីន ហាន មានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន ២៥៦២នាក់។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។

នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង