ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយនាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីពិភាក្សាលើការអភិវឌ្ឍនប្រព័ន្ធទូទាត់

72

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយនាយកដ្ឋានរូបិយវត្ថុនិងទីផ្សារមូលធន របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីពិភាក្សាលើការអភិវឌ្ឍនប្រព័ន្ធទូទាត់ ព្រមទាំងកម្មវិធីជំនួយបច្ចេកទេសរបស់ IMF ចំពោះធនាគារជាតិនៃកម្ពុជា។ ចំពោះការអភិវឌ្ឍនប្រព័ន្ធទូទាត់ លោកជំទាវទេសាភិបាលរងបានលើកឡើងអំពីការអភិវឌ្ឍប្រព័ន្ធបាគងដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជាសំដៅ លើកកម្ពស់ប្រតិបត្តិការរវាងធនាគារ សម្រួលការប្រើប្រាស់សាច់ប្រាក់រៀលក្នុងទីផ្សារ និងលើកកម្ពស់បរិប័ន្នហិរញ្ញវត្ថុ។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានកោតសរសើរចំពោះការធ្វើទំនើបកម្មនៃប្រព័ន្ធទូទាត់នេះ ព្រមទាំងបានលើកឡើងអំពីកម្មវិធីជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធទូទាត់ និងការពង្រឹងស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា ដោយកម្មវិធីជំនួយបច្ចេកទេសទាំងនេះបានចូលរួមចំណែកក្នុងការកសាងសមត្ថភាពមន្ត្រីជំនាញ ក៏ដូចជាផ្តល់ជាធាតុចូលសំខាន់ៗក្នុងការកំណត់គោលនយោបាយសំដៅអភិវឌ្ឍនិងពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង