ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី ចេញ​សេចក្ដីណែនាំ​បន្ថែម ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ផ្សារ​អូរឫស្សី

46

 

​ភ្នំពេញ ៖ បើតាម​សេចក្ដីណែនាំ​ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ​បន្ថែម ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី​ក្រោយ​រកឃើញ​មាន​អ្នក​ឆ្លង​ជាង​១០០​នាក់​។

​ក្នុង​សេចក្ដីណែនាំ​ថ្មី​បន្ថែម​នេះ​បាន​បញ្ជាក់ថា ក្រោយ​ការសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី រដ្ឋបាល​រាជធានី​
​ភ្នំពេញ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ស្ថានភាព​វិ​វ​ឌ្ឍ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​នេះ​ជាពិសេស ក្នុងចំណោម​អាជីវករ សន្តិសុខ និង​បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ ដែលមាន​ការឆ្លង​ជា​បន្តបន្ទាប់​សរុប​ត្រឹម​រយៈពេល​៤​ថ្ងៃ បាន​រកឃើញ​អ្នក​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​ជាង​១០០​នាក់​។​

​ចំពោះមុខ​ដើម្បី​ឈានទៅ​កាត់ផ្តាច់​ប្រភព​ចម្លង និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ក្រើនរំលឹក និង​ណែនាំ​ដូចខាងក្រោម​៖

១) ដើម្បី​ចៀសវាង​ការពិន័យ​អន្តរការណ៍ និង​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន សូម​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បានចេញ​-​ចូល​ផ្សារ​នេះ គិត​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១​មក ដែល​មិនទាន់បាន​អញ្ជើញ ទៅយក​សំណាក ត្រូវ​រួសរាន់​ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាបន្ទាន់ នៅក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក និង​ត្រូវអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ពោលគឺ​ត្រូវ​នៅក្នុង​ផ្ទះ ឬ​បន្ទប់​ដាច់ដោយឡែក​គ្រប់ពេលវេលា​ទាំងអស់ ក្នុង​រយៈពេល​១៤​ថ្ងៃ ហាម​ដាច់ខាត​ដើរចេញ​ក្រៅ​ផ្ទះ ឬ​បន្ទប់ ឬ​ទីកន្លែង​ដែល​ខ្លួន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។​

២) ចំពោះ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ ដែល​មិន​ព្រម​សហការ​ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមិន​អនុញ្ញាត​ឲ្យ​បន្ត​អាជីវកម្ម​លក់ដូរ ឬ​ចេញ​-​ចូលមក​បម្រើ​ការងារ​របស់ខ្លួន​ឡើយ នៅពេលដែល​ផ្សារ​នេះ ត្រូវបាន​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​

៣) ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​រស់នៅ​ក្បែរ​ខាង ជាមួយ​អាជីវករ សន្តិសុខ និង​បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ​អូរឫស្សី ក្នុង​កាលៈទេសៈ​នេះ​ដាច់ខាត គឺ​មិនត្រូវ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយគ្នា​ឡើយ និង​ត្រូវ​ចូលរួម​ឃ្លាំមើល​ពី​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់​។​

​ក្នុងករណី​ពិនិត្យឃើញថា មាន​បុគ្គល​ណាមួយ មិន​ព្រម​អនុវត្ត ឬ​អនុវត្ត​មិនបាន​ពេញលេញ តាម​វិធាន​ច​ត្តា​ឡី​ស័ក សូម​បងប្អូន​ប្រជាពលរដ្ឋ ធ្វើការ​ណែនាំ និង​រាយការណ៍​ជាបន្ទាន់ មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​លេខ ១២៩៩ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​រក្សា​ការសម្ងាត់​ជូន​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ បាន​ទាន់ពេលវេលា ចៀសវាង​ការចម្លង​ជំងឺ​កូ​វីដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ​ទៅក្នុង​មូលដ្ឋាន​ភូមិ​-​សង្កាត់ ដែល​ខ្លួន​កំពុង​រស់នៅ​។​

៤) អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែលមាន​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ កំពុង​រស់នៅក្នុង​មូលដ្ឋាន​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង ត្រូវ​ចុះ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ពួកគាត់ ទៅយក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ត្រូវដាក់​កម្លាំង​គ្រប់គ្រង ឃ្លាំមើល​ណែនាំ និង​មាន​ចំណាត់ការ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ធានាថា​ពួកគាត់​ពិតជា បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្លួន​តាម​វិធាន​ច​ត្តា​ឡី​ស័ក និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕ 

អត្ថបទដែលជាប់ទាក់ទង