ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិសុខ ធានាគារ ABA ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅកាន់តុលាការ, មេធាវី៩រូប ស្ម័គ្រចិត្តការពារក្តី

13

ភ្នំពេញ ៖ ជនសង្ស័យ ភឿន ភិរៈ ជាសន្តិសុខ ធានាគារ ABAដែលបាញ់យុវជនម្នាក់ស្លាប់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

មេធាវី៩រូប មកពីក្រុមហ៊ុនមេធាវី ដ័ន & ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនលោក ភឿន ភិរៈ សន្តិសុខធានាគារ ABA ដែលបានជាប់ចោទក្នុងសំណុំរឿងហិង្សាផ្ទុះអាវុធបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានក្រុមមេធាវីបានគូសបញ្ជាក់ថា ការជួយការពារក្តីដោយសារមើលឃើញស្ថានភាពគ្រួសារជនសង្ស័យ ភឿន ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតតបញ្ញវន្តដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមមេធាវី បានអះអាងថា ការស្វះស្វែងគាំពារផ្នែកច្បាប់នេះ ដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។

មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៉ីង, មេធាវី នី ចាន់ឌី, មេធាវី ឈរ ស៊ុនហុង, មេធាវី ស៊ឹង ច័ន្ទកន្និកា, មេធាវី សាន សុផា, មេធាវី ណែប ម៉ូនីកា, មេធាវី ឆន សំណាង, មេធាវី ប៉ាល់ វណ្ណារី និងមេធាវី អោម ប៊ុនថា។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៦ ខែមេសា កន្លងទៅនេះ មានកើតករណីហិង្សាមួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លៃរវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមួយយុវជនម្នាក់។ អំពើហិង្សាបានឈានដល់ការផ្ទុះអាវុធបណ្តាលឱ្យយុវជន ដែលគេអះអាងថា បែកថ្នាំផងនោះ ស្លាប់បាត់បង់ជីវិត ពេលរូបគេកាន់កាំបិតសម្តៅចូលទៅចាក់បុរសសន្តិសុខ និងជាជនសង្ស័យក្នុងសំណុំរឿងនេះ។
ជុំវិញករណីហិង្សានេះ អ្នកលេងបណ្តាញសង្គម រួមទាំងអ្នកច្បាប់មួយចំនួនផង បានចាត់ទុកការបាញ់របស់លោក ភឿន ភិរៈ ទៅលើជនរងគ្រោះ គ្រាន់តែជាករណីការពារខ្លួនប៉ុណ្ណោះ។ អ្នកលេងបណ្តាញសង្គមចង់ឃើញស្ថាប័នតុលាការថ្លឹងថ្លែងលើអង្គហេតុនៃអំពើហិង្សា និងផ្តល់ការអនុគ្រោះដល់ជនសង្ស័យ។

ឧត្តមសេនីយ៍ ទី ចំរើនកុសល បានលើកឡើងថាលើកក្រោយនេះ ជាបទពិសោធន៍សម្រាប់អ្នកមានអាវុធខ្លីជាប់ខ្លួន !

បើជាអ្នកវិញតើអ្នកធ្វើយ៉ាងណានៅក្នុងអង្គហេតុមួយនេះ?
១-បាញ់ឡើងលើគម្រាមឲ្យទម្លាក់កាំបិតចុះ?
២-បាញ់ដៃ ឬបាញ់ជើងដើម្បីឲ្យខ្មាន់កាន់កាំបិតទម្លាក់អាវុធចុះ?
៣-រត់យករួចខ្លួន និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកអន្តរាគមន៍?

ផ្ញើរជូនប្អូនៗដែលទើបបានតាំងស៊ប់ចូលបម្រើក្នុងកងជួរក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ !

មិនថាអ្នកណាជាអ្នកណាទេ នៅពេលដែលបានចូលក្របខ័ណ្ឌតាំងស៊ប់ជានគរបាលជាតិ ឬខេមរ:ភូមិ្ទថ្មីៗ ភាគច្រើនប្អូនៗតែងតែមានបំណងចង់បានអាវុធខ្លីដើម្បីប្រើប្រាស់។
កន្លងមកខ្ញុំធ្លាប់បានសួរប្អូនៗមួយចំនួនថាតើចាំបាច់អីត្រូវមានអាវុធដាក់ជាប់ខ្លួន ភាគច្រើនលើសលុបបានឆ្លើយថាទុកការពារខ្លួន។
កន្លងមកខ្ញុំក៏ធ្លាប់បានបង្ហោះរឿងអាវុធនេះដែរថាមានវាជាប់ខ្លួនមិនប្រាកដថាជួយម្ចាស់វាគ្រប់ពេលនោះទេ វានឹងនាំទុក្ខដាក់ខ្លួនច្រើនជាងនាំសុខ បើសិនម្ចាស់វាគ្រប់គ្រងខ្លួនឯងអត់បាន ឬចេះច្បាប់អត់ដល់ ។

ជាក់ស្តែងដូចអង្គហេតុមួយនេះអញ្ចឹង បើសិនជាខ្មាន់កាំភ្លើងគាត់គ្មានអាវុធនៅនឹងដៃទេ ខ្ញុំគិតថាគាត់នឹងរត់យករួចខ្លួនតែម្តង ប៉ុន្តែដោយសារតែមានអាវុធនៅជាប់នឹងខ្លួនទើបធ្វើឲ្យគាត់ហ៊ានដើម្បីតតាំងជាមួយជនដែលកាន់កាំបិត។
នៅក្នុងអង្គហេតុនេះខ្មាន់កាំភ្លើងប្រាកដជាឆ្លើយថាការពារខ្លួនដោយស្របច្បាប់តាមមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែមាត្រាខាងលើបានចែងច្បាស់លាស់ណាស់ បើអ្នកវិភាគមិនដល់ យល់មិនច្បាស់ហើយយកវាមកអនុវត្តក៏នាំទុក្ខដាក់ខ្លួនដែរ។

សូមប្អូនៗដែលទើបបានក្របខ័ណ្ឌកងកម្លាំងថ្មីៗ និងមានបំណងចង់បានអាវុធខ្លីដើម្បីយកដាក់តាមខ្លួន ត្រូវមានចិត្តឲ្យធ្ងន់ និងយល់ដឹងឲ្យច្បាស់លាស់ពីសិទ្ធិការពារខ្លួនមុនសម្រេចចិត្តដកយកអាវុធមកប្រើប្រាស់។

ខ្ញុំរៀបរាប់ខាងលើមិនមែនចោទថាខ្មាន់កាំភ្លើងខុសទេ គឺមានគោលបំណងឲ្យប្អូនៗទើបបានក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធតាំងស៊ុបថ្មីៗត្រូវគិតឲ្យបានវែងឆ្ងាយ និងយករឿងមួយនេះមកធ្វើជាឧទាហរណ៍ មុនសម្រេចចិត្តមានអាវុធដាក់ជាប់នឹងខ្លួន។

ខ្ញុំសូមជូនពរឲ្យក្មាន់កាំភ្លើងនៅក្នុងអង្គហេតុនេះបានរួចផុតពីបទចោទ ៕

អត្ថបទដែលជាប់ទាក់ទង