ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត សម្រាប់​ជនបរទេស​នៅ​ប្រទេស​កម្ពុជា​

26

 

​ភ្នំពេញ​៖ សេចក្ដីជូនដំណឹង​រប​ស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ស្តីពី​យន្តការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត សម្រាប់​ជនបរទេស​នៅ​ប្រទេស​កម្ពុជា​។​

​បើតាម​សេចក្ដីជូនដំណឹង នៅ​ល្ងាច​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​កិច្ចដំណើរការ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ជនបរទេស ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​រលូន មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បានរៀបចំ​យន្តការ ក្នុងការ​ស្នើសុំ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត ជូន​ដល់​ជនបរទេស​ដែល​កំពុង​រស់នៅ ឬ​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មិន​ស្ថិតនៅក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ អង្គការ​ទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ស្ថានទូត​នៅ​កម្ពុជា ឬ​អង្គការ​ស្របច្បាប់​ក្នុងស្រុក (​ដែលមាន​ការសម្របសម្រួល​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​) មាន​ដូចខាងក្រោម​៖

​ក​- ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួលខុសត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជនបរទេស ដែល​កាន់​ទិដ្ឋាការ​ធម្មតា​ប្រភេទ (E) ហើយ​ដែលមាន​ប័ណ្ណ​ការងារ (work permits) ចេញ​ដោយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា រួមមាន​៖ វិនិយោគិន ធុរជន ពលករ​ជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សា​នានា អ្នកជំនាញ​ការបរទេស​។​ល​។​

​ឯកសារ​តម្រូវ សម្រាប់​ស្នើសុំ​ចាក់​វ៉ាក់សាំង​៖

១- លិខិតឆ្លងដែន​មាន​សុពលភាព​
២- ទិដ្ឋាការ​ដែលមាន​សុពលភាព​
៣- ប័ណ្ណ​ការងារ (workpermits) ដែល​ចេញ​ដោយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ជនបរទេស​ក្នុង​ប្រភេទ (​ក​) ដែល​បាន​ស្នើសុំ​ចាក់​វ៉ាក់សាំង នឹង​ទទួលបាន​ការជូន​ព័ត៌មាន​ចាក់​វ៉ាក់សាំង​ជាមុន ដែល​ការចាក់​អាច ស្របពេល​ជាមួយនឹង មន្ត្រី​-​បុគ្គលិក និង​កម្មករ នៅតាម​ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន ឬ​ទីកន្លែង​សម​ស្របតាម​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ក្រសួងសុខាភិបាល​។​

​ខ​- អាជ្ញាធរ​មូលដ្ឋាន រាជធានី ខេត្ត ក្រុង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកទទួលខុសត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជនបរទេស​ផ្សេងទៀត ដែល​មិន​ស្ថិតក្នុង ប្រភេទ (​ក​) រួមមាន​៖ ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​បរទេស (​មាន​ទិដ្ឋាការ​ពិសេស​ប្រភេទ K) ជនបរទេស​ដែល​បាន​រៀបការ ជាមួយ​ពលរដ្ឋ​ខ្មែរ ជនបរទេស​ចូលនិវត្តន៍​ជនបរទេស​ស្នាក់នៅ​ស្របច្បាប់ រយៈពេល​វែង ។​ល​។​

​ឯកសារ​តម្រូវ​សម្រាប់​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​៖

១- លិខិតឆ្លងដែន​មាន​សុពលភាព​
២- ទិដ្ឋាការ​ដែលមាន​សុពលភាព​

​ជនបរទេស​ក្នុង​ប្រភេទ (​ខ​) នឹង​ទទួល​ការចាក់​វ៉ាក់សាំង ស្របពេល​ជាំ​មួយ​នឹង​ពលរដ្ឋ​ខ្មែរ នៅតាម​ទីកន្លែង​សមស្រប តាម​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង