ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលារាជធានីភ្នំពេញ នឹងដាក់សាឡាង ចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់

43

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃនេះ សាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨មេសា។

បើយោងតាមអ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នៅថ្ងៃទី៩មេសានេះ ការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិនអាច ផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើកឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបន្ថែមនូវសាឡងសម្រាប់ឆ្លងជាជម្រើស សម្រួលបន្ថែមមួយជម្រើសទៀត ពីទីតាំងកោះនរាយ ឡើងចុះមកកោះពេជ្រដើម្បីរួមចំណែកមួយ ក្នុងការចូលរួមកាត់បន្ថយ ការកកស្ទះមួយអន្លើដែរ ក្នុងពេលដែលធ្វើការស្ថាបនានេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការបកស្រាយ ក្រោយផ្ទុះការរិះគន់ ពីសំណាក់មហាជន និងបានទទួលស្តាប់ ការលើកឡើងជាយោល់ទាំងអស់ ប៉ុន្តែទោះជាយ៉ាងណា តាមលក្ខខ័ណ្ណបច្ចេកទេស ក្នុងការស្ថាបនាស្ពាននេះ នៅតែមិនអាចធ្វើការផ្អាកពេលណាមួយបានឡើយ ជម្រើសមានតែខិតខំ សម្រុកការស្ថាបនាឲ្យបានរហ័ស និងបង្ខំចិត្តឲ្យមានការកកស្ទះត្រឹមរយៈពេល៣ថ្ងៃ ប្រសើងជាងអូសបន្លាយពេលយូរជាងនេះ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការងារស្ថាបនាជួសជុលស្ពាននេះ គឺយើងជាលក្ខណៈបច្ចេកទេសគឺយើងត្រូវឈូស យើងត្រូវឆ្កឹះនូវកៅស៊ូចាស់ចេញ ហើយការងារដែលតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលលោកបានបញ្ជាក់ គឺយើងត្រូវប្រើពេលវេលាធ្វើយ៉ាងមិច អោយបានលឿនជាទីបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរនេះ ដូចអ្វីដែលលោកលោកស្រីបានចូលរួមយោបល់នេះទៅហើយ។ រយៈពេលបីថ្ងៃនេះក្រុមការងារ តាមរយៈការរំពៃមើលហើយនិងសម្រុកថាធ្វើយ៉ាងណាថាធ្វើឲ្យបានលឿន រហ័សមិនអោយមានការអូសបន្លាយ ពេលជាងនេះទៀតទេ។យ៉ាងណាមិញចំពោះពេលវេលាត្រូវធ្វើនេះ មិនអាចធ្វើនៅពេលព្រឹក ឬនៅពេលថ្ងៃទុកពេលយប់ឬធ្វើពេលយប់ទុកពេលថ្ងៃ ដែលមានន័យថាកិច្ចការនេះគឺយើងធ្វើ២៤ម៉ោង ទាំងពេលថ្ងៃនិងពេលយប់ហើយបើទោះបីជាយើង សម្រុកធ្វើតែពេលយប់ផ្អាកពេលថ្ងៃ ក៏ពេលថ្ងៃនេះមិនអាចបើកអោយនៅដំណើរការនូវយាន្តជំនិះអ្វីផ្សេងៗ នៅលើការដ្ឋានដែលបានឈុសឆាយ កំពុងតែធ្វើនេះទេ។

អ្នកនាំពាក្យបានបញ្ចាក់ថា យើងគ្មានជម្រើសដែលយើងត្រូវបើក នៅពេលថ្ងៃក៏ប៉ុន្តែផ្ទុយមកវិញ យើងត្រូវសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ដែលយើងគិតថាជាកិច្ចការ ចំណេញពេលវេលា ហើយបានកាត់បន្ថយការកកស្ទះចរាចរ មិនលើសពីរយៈពេល៣ថ្ងៃ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញក៏បានសុំការអធ្យាស្រ័យនិងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទាំងអស់ផងដែរខណៈដែលមានកម្លាំងសមត្ថកិច្ចក៏បានធ្វើការយ៉ាងមមាញឹកក្នុងការសំរួលចរាចរជូនផងដែរ។

សូមជំរាបថា សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែល ជាផ្លូវឯកទិស សម្រាប់ចូល ពីច្បារអំពៅ មកភ្នំពេញ នៅថ្ងៃទី៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹម រហូតដល់យប់ ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង