ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជំនឿចិត្ត និងសុខភាពល្អធម្មតា បន្ទាប់ពីចាកវ៉ាក់សាំង

68

ភ្នំពេញ៖ទោះបីមានក្រុមមនុស្សមួយចំនួនបរិយាយមិនល្អពីការចាក់វ៉ាក់សាំងការពារកូវីដ ១៩ក៏ដោយក៏ក្រុមកីឡាករកីឡាការិនី
ជម្រើសជាតិកម្ពុជា ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងពីរលើក កាលពីដើមខែ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២១បានបញ្ជាក់អះអាងពីការពិតនៃសុខភាពរបស់ខ្លួនម្នាក់ៗ ដោយក្រោយការចាក់វ៉ាក់សាំងនេះមិនមានផលប៉ះពាល់ដល់សុខភាព និងមិនធ្វើឲ្យរងផលប៉ះពាល់ដល់ការហ្វឹកហាត់ត្រៀមការប្រកួតនានានោះទេផ្ទុយទៅវិញវាបានផ្តល់ជំនឿចិត្តកាន់តែខ្ពស់និងបន្តការចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនព្រមជាមួយគ្នាផងដែរ។
ជាមួយនឹងការបញ្ចប់នូវការចាក់វ៉ាក់សាំងទាំង២លើករួចហើយនោះកីឡាករ កីឡាការិនីល្បីៗរបស់កម្ពុជាបានបង្ហាញនូវអារម្មណ៍
របស់ខ្លួនថាពិតជាមានអារម្មណ៍ស្ងប់ក្នុងការហ្វឹកហាត់ ។
កីឡាករជម្រើសជាតិប៉េតង់ សុខ ចាន់មាន ម្ចាស់មេដាយមាសជើងឯកពិភពលោក ២០១៦ បានបញ្ជាក់ពីការចាក់វ៉ាក់សាំងនេះថា «សម្រាប់ខ្ញុំ អត់អីផង សុខភាពខ្ញុំធម្មតាទេ។ វាមិនប៉ះពាល់ដល់សុខភាពទេ ហើយក៏មិនប៉ះពាល់ដល់ការហ្វឹកហាត់របស់ខ្ញុំដែរ។ ជាកីឡាករជម្រើសជាតិមកពីក្រសួងការពារជាតិនោះចាន់មាននិយាយថាខ្ញុំចាក់វ៉ាក់សាំងខាងក្នុងក្របខ័ណ្ឌយោធាចំនួន២លើករួចមកហើយដែរដែលបច្ចុប្បន្នបានធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ហើយខ្ញុំជឿជាក់ថាក្រោយការចាក់វ៉ាក់សាំងនឹងជួយធ្វើឲ្យមានមានសុវត្ថិភាពកាន់តែខ្ពស់ ប៉ុន្តែយើងនៅតែបន្តអនុវត្តវិធានការសុខាភិបាលខ្ជាប់ខ្ជួនដដែល។ ប្រសិនបើអត់បានចាក់វ៉ាក់សាំង គឺយើងនឹងមានអត្រាការឆ្លងជំងឺកូវីដ-១៩ខ្ពស់ និងគ្រោះថ្នាក់ខ្លាំងណាស់។
កីឡាកររូបនេះបន្តថារូបគេសុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានយកចិត្តទុកដាក់ផ្តល់ការចាក់វ៉ាក់សាំងដល់ក្រុមជម្រើសជាតិកម្ពុជា»។
កីឡាការិនីប៉េតង់វ័យក្មេងស្រ៊ាងសុរ៉ាឃីមម្ចាស់មេដាយមាស(ក្រុម)ស៊ីហ្គេម២០១៩ក៏អះអាងដែរថារូបនាងបានចាក់រួចរាល់(លើកទី២) កាលពីថ្ងៃទី២៣ ខែមីនា ដោយកាលពីចាក់លើកទី១ និងលើកទី២ គ្មានប៉ះពាល់អ្វីដល់សុខភាពនោះទេ គ្រាន់តែថ្ងៃទី១ និងថ្ងៃទី២ឈឺក្បាលនិងក្តៅខ្លួនបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកសុខភាពរបស់នាងល្អធម្មតា។បច្ចុប្បន្នក្រុមកីឡាការិនីរូបនេះនៅមិនទាន់ប្រមូលផ្តុំហ្វឹកហាត់នៅឡើយទេ ដោយសម្រាកនៅផ្ទះ និងចូលរួមការពារតាមវិធានការសុខាភិបាល»។
ចំពោះកីឡាករជម្រើសជាតិតេក្វាន់ដូ ITF(International Taekwondo Federation) ប៉ាល់ ជីវ័ន្ត ម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៩«ខ្ញុំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទី២រួចរាល់យូរដែរហើយតាំងពីថ្ងៃទី១៧មីនាមកដោយសុខភាពខ្ញុំរាល់ថ្ងៃគឺធម្មតា។ ក្រោយការចាក់វ៉ាក់សាំងទាំងពីរលើករួចមកមិនប៉ះពាល់ដល់សុខភាពខ្ញុំទេ ហើយអាចហ្វឹកហាត់បានធម្មតា ក្រោយពីការចាក់បាន៣ថ្ងៃ។ ខ្ញុំមានទំនុកចិត្តកាន់តែខ្ពស់ប៉ុន្តែខ្ញុំនៅតែបន្តការអនុវត្តវិធានការ៣កុំ៣ការពារដដែល។ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់កីឡាករ កីឡាការិនី និងប្រជាជនទូទាំងប្រទេស។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំស្ថាប័នកីឡាទាំងអស់»។
កីឡាករជម្រើសជាតិកាយសម្ព័ន្ធង៉ែត តុលាលើកឡើងថារូបគេពិតជាសប្បាយរីករាយជាខ្លាំងដែលទទួលបានការចាក់វ៉ាក់សាំង
រួចលើកទី១ កាលពីថ្ងៃទី២ខែមីនា និងលើកទី២ កាលពី១៦ខែមីនា។ ក្រោយការចាក់តាំងពីដើមខែមីនារហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ គឺសុខភាពខ្ញុំនៅល្អ និងហ្វឹកហាត់ជាប់ជាប្រចាំមិនមានអ្វីកើតឡើងជាបញ្ហានោះទេ។ ខ្ញុំពិតជាមានសេចក្តីត្រេកអរជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា កីឡាករ កីឡាការិនីទាំងអស់ កន្លងមកនេះ។
កីឡាការិនីជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ថន សុម៉ាវត្តី បញ្ជាក់ថា រូបគេបានចាក់វ៉ាក់សាំងលើកទី១ កាលពីថ្ងៃទី២ និងលើកទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលចាប់ពីតាំងបន្ទាប់ពីចាក់រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់។
ក្រោយការចាក់ទាំងពីរលើក រយៈពេល៤-៥ថ្ងៃ គឺនាងខ្ញុំបានបន្តការហ្វឹកហាត់ជាប់ជាប្រចាំនៅផ្ទះរបស់នាងខ្ញុំឡើងវិញ ហើយសុខភាពរបស់នាងល្អមាំមួនធម្មតា។នាងខ្ញុំសូមគោរពថ្លែងអំណរគុណជូនសម្តេចតេជោហ៊ុនសែនដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ក្រុមកីឡាករ កីឡាការិនីកម្ពុជា។ ក្នុងនាមជាកីឡាការិនីជម្រើសជាតិ នាងខ្ញុំសូមឲ្យបងប្អូនចូលរួមគោរពវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន និងចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា»៕

អត្ថបទដែលជាប់ទាក់ទង