ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ន ឡាវ

30

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងការជឿជាក់ថា ផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។
ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើង
ពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុង
ឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿន
ការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។

ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។
ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរបានជូនពរគ្នាទៅវិញទៅមក ឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ។

នៅចុងបញ្ចប់នៃការសន្ទនា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា។ ដូចគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាមពេលវេលាសមស្របផងដែរ៕

អត្ថបទដែលជាប់ទាក់ទង