ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្ញើលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន និងប្រកាសពីការប្តេជ្ញាចិត្តក្នុងការឈរជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

45

 

ភ្នំពេញ ៖ នាយកអង្គការសុខភាពពិភពលោក ( WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Takeshi Kasai បានផ្ញើលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តែងនូវការសោកស្តាយ និងរំលែកការលំបាកជាមួយកម្ពុជា ដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩។ លោក Takeshi Kasai ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់លោកក្នុងការឈរជាមួយកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ។

លោក Takeshi Kasai បានថ្លែងថា ខ្ញុំសូមសម្តែងនូវការគោរពសរសើរ ដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងសម្រេចបាននូវសមិទ្ធិផលដ៏ធំធេង ជាការឆ្លើយតបទៅនឹងការរាតត្បាតនៃ ជំងឺកូវីដ-១៩។ ការដឹកនាំដ៏ខ្លាំងក្លា និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចក្នុងការឆ្លើយតបចំពោះជំងឺកូវដ-១៩ និងក្នុងការគ្រប់គ្រងព្រឹត្តិការណ៍នានារួមទាំងព្រឹត្តិការណ៍ Westerdam ផង បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការពង្រឹងលទ្ធភាពរបស់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កម្រិតសហគមន៍ទ្រង់ទ្រាយធំ។ ការគ្រប់គ្រងវិបត្តិបានឆាប់រហ័ស និងការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចផ្ទាល់ និងក្រសួងសុខាភិបាល បាននាំទៅដល់ការបញ្ឈប់បានឆាប់យ៉ាងរហ័សនូវការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។
អង្គការសុខភាពពិភពលោក សូមចែករំលែកនូវការព្រួយបារម្ភរបស់កម្ពុជាអំពីស្ថានភាព បច្ចុប្បន្ននេះ នៅពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការ ផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងការរាតត្បាតនៃជំងឺកូវីដ-១៩នេះ បានចាប់ផ្តើមមក។ អំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រឈមនឹងពេលវេលាដ៏លំបាកដូចនេះ ហើយមានតែការដឹកនាំ និងលទ្ធភាព នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏លំបាកនោះទេ ដែលបានផ្តល់ជាមគ្គុទេសក៍ដល់ប្រទេសទាំងនោះ ឱ្យឆ្លងផុតពេលវេលាដ៏លំបាកទាំងនោះបាន។

បុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយ នៅក្នុងវប្បធម៌ខ្មែរដែលជាឱកាសមួយ នាំឱ្យគ្រួសារបានជួបជុំគ្នា ហើយធ្វើការឆ្លុះបញ្ចាំង ពីឆ្នាំចាស់ដែលបានកន្លងផុតទៅ ក៏ដូចជាអបអរក្តី សង្ឃឹមរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំថ្មីខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលយើងបាន ឃើញកើតឡើងនៅបណ្តាប្រទេសដទៃទៀត ការប្រារព្ធពិធីបែបនេះ មានហានិភ័យខ្ពស់ក្នុងការចម្លងវីរុស នៅទូទាំងប្រទេស។ ហានិភ័យគឺកាន់តែធ្ងន់ធ្ងរទៅទៀត នៅពេលដែលមានវត្តមាន និងចរាចររបស់ វីរុសបំប្លែងថ្មី B.1.1.7។

អង្គការសុខភាពពិភពលោក សូមធ្វើការកោតសរសើរចំពោះការធ្វើសេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្ដេចដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ នៅក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ឆ្លង រាជធានី-ខេត្ត។ នោះគឺជាវិធានការគន្លឹះមួយក្នុងការកាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា។ វិធានការមួយនេះ រួមជាមួយនឹងវិធានការសុខភាពសាធារណៈដទៃទៀត នឹងមានតួនាទីសំខាន់នៅ
ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ខ្ញុំយល់ថាទាំងនេះ មិនមែនជាការធ្វើសេចក្តីសម្រេចចិត្តងាយស្រួលនោះទេ។ ជាធម្មតាប្រជាជននៅ ទូទាំងពិភពលោករួមទាំងនៅកម្ពុជាផង គឺតែងតែនឿយណាយនឹងការរឹតបន្ដឹងនានា។

តែគួរឱ្យស្តាយ ការតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ នឹងបន្តហួសពីពិធីបុណ្យចូលឆ្នាំខ្មែរទៅទៀត។ ជាការពិត ប្រហែលជាអាចមានសេចក្តីសម្រេចចិត្តដ៏លំបាកជាច្រើនទៀត ដែលត្រូវធ្វើនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះប្រកប ដោយប្រសិទ្ធភាព។ កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងនោះទេ អង្គការសុខភាពពិភពលោក ឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រផ្នែកគោលនយោបាយ បច្ចេកទេស និង ប្រតិបត្តិការដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំបាទសូមថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសម្ដេចដែលតែងតែជឿជាក់លើអង្គការសុខភាពពិភពលោក។ លោកក៏សូមឆ្លៀតយកឱកាសនេះ ដើម្បីជូនពរសម្តេច ក៏ដូចជាក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមមានសិរីសួរស្តីឆ្នាំថ្មី៕

អត្ថបទដែលជាប់ទាក់ទង