ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនសំណូមពរថ្នាក់ដឹកនាំ ជួយពិនិត្យករណីចៅក្រម ដោះលែងលោកផ្កាយ៣​ បុកនិស្សិតស្លាប់​

167


ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយរបស់លោកផែង វណ្ណៈ ជាមន្រ្តីយោធា និងអ្នកតាមព័ត៌មានលេងហ្វេសប៊ុកផងនោះ បានឲ្យដឹងថា លោកផ្កាយ​៣​ អ៊ុច​ ឆាយ​ នាយករងសាលារាជបណ្ឌិតសភានគរបាលជាតិកម្ពុជា​ ដែលបើកបរទាំងស្រវឹង បុកនិស្សិតម្នាក់ស្លាប់ត្រូវបាន​ តុលាការដោះលែង​ បង្កឲ្យមានការរិះគន់ក្រកើក​ Facebook ។​
ចំណែកបណ្តាញសង្គមទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរថា ល្អៗដល់ហើយច្បាប់ស្រុកខ្ញុំ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានដោះលែង មន្ត្រីនគរបាលម្នាក់ បើកបរថយន្ដ ក្រោមស្ថានភាពស្រវឹងជោកជាំ បុកលើនិស្សិតប្រុសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះវិញហើយ។

លោកផែង វណ្ណៈ បានបន្ថែមក្នុងផេករបស់លោកបន្តថា ហេតុផលដោះលែង ត្រូវបានអ្នកមាត់ដាច់បញ្ចេញមតិលើ​ Facebook បញ្ជាក់មូលហេតុ​ថា​ ៖ ចៅក្រមខ្លាចអំណាចលោកផ្កាយ​៣​ អ៊ុច​ ឆាយ​ លោកផ្កាយ៣​ អ៊ុច​ ឆាយ​ មានផ្កាយច្រើន​ និង​ លុយច្រើន​ លោកផ្កាយ៣​ មានខ្សែធំអន្តរាគមន៍មកចៅក្រម​ និស្សិតរងគ្រោះស្លាប់​ មិនមែនជាសាច់ញាតិរបស់ចៅក្រម​ ហើយជាកូន​រាស្ត្រក្រីក្រ​ ។ ច្បាប់ខុសឬត្រូវនៅលើមាត់ចៅក្រម​។ ដើម្បីយុត្តិធម៌សង្គម​ សូមថ្នាក់ដឹកនាំខាងលើមេត្តាពិ​និត្យករណីដោះលែង​លោកផ្កាយ៣​ អ៊ុច​ ឆាយ​ ផង​ ។ ធ្វើដល់នាយករងសាលានគរបាលជាន់ខ្ពស់​ តែខ្លួនឯងមិនគោរពច្បាប់​ តើទៅបង្រៀនសិស្សនគរបាលរបៀបណា​ ?

ចំណែកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានរៀបរាប់បន្តថា បុកចោរឆក់ជាប់គុក៩ឆ្នាំ បុកនិស្សិតស្លាប់ ដោះលែងឲ្យទៅផ្ទះវិញ ដូចជ្រុលហួសហេតុពេកហើយ អីចឹងបានថាពេលខ្លះប្រជាជនជេរមិនខុសមែន។ វាជ្រុលពេកមិនដឹងជាស្អីទៅស្អីទេឥឡូវនឹង ម៉េចម៉ាស៊ើបឲ្យបានការពិតច្បាស់ ហើយដោះលែងស្រ្តីពីរនាក់នឹងទៅ ប្រជាជនភាគច្រើន គាត់ក្តៅក្រហាយ គឺដោយសារអារឿងភ្លាវៗអស់នឹង។

សូមបញ្ជាក់ថា យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះថា លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ជនត្រូវចោទម្នាក់ ជាមន្ត្រីនគរបាល ដែលបើករថយន្តក្រោមស្ថានភាពស្រវឹង បុកជនរងគ្រោះស្លាប់ នៅខណ្ឌទួលគោក ឲ្យទៅផ្ទះហើយ។ លោក ខាំ សុផារី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អ៊ុច ឆាយ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ នគរបាល ពីបទ បើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដ៏ទៃដោយអចេតនា យោងតាម មាត្រា ៨៥ ស្តីពីច្បាប់ ចរាចរណ៍ផ្លូវគោក។
ក្រោយសម្រេចចោទប្រកាន់លើជនត្រូវចោទ លោក ខាំ សុផារី បានបញ្ជូនសំណុំរឿងទៅឲ្យ ចៅក្រមស៊ើបសួរ ចាត់ការបន្ត ដោយមិនស្នើសុំឲ្យ ចៅក្រមស៊ើបសួរ ឃុំខ្លួន ជនត្រូវចោទនោះទេ។

គួររំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងកាលពីពាក់កណ្តាលយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនត្រូវចោទ ឈ្មោះ អ៊ុច ឆាយ បើកបររថយន្តម៉ាក ម៊ែកសឺដេស ព័ណ៌ ស្ក ពាក់ស្លាក នគរបាល ២.៧៧៣០ ក្រោមស្ថានភាពស្រវឹងជោកជាំ ទៅបុកម៉ូតូមួយគ្រឿង ម៉ាក Zoommer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DF-2984 បណ្តាលឲ្យជនរងគ្រោះឈ្មោះ គួច សុផានិត ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះ លេខ ២៤B ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ផ្លូវបំបែកជា៤ ផ្លូវលេខ ២៥៥ កែងនឹង ផ្លូវ ៣៣៦ សង្កាត់បឹងសាឡា ង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង