ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

58

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

អនុក្រឹត្យ បានបញ្ជាក់ថា អនុក្រឹត្យនេះ គោលបំណង និងគោលដៅ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការ អនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើព័ន្ធ ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅប្រទេសកម្ពុជាមកក្នុងប្រទេសកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។

រាល់អ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារដោយផ្អែកតាមចំណាត់ថ្នាក់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការចុះបញ្ជីនេះ ត្រូវបានអនុវត្តសម្រាប់គោលដៅអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។

អ្នកជាប់ពន្ធអនិវាសនជនដែលបានផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមកអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ច ដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២១ នៃខែបន្ទាប់ ពីខែដែល បានទូទាត់។

អ្នកជាប់ពន្ធនិវាសនជនដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬ សេវាឌីជីថល ឬរាល់សកម្មភាព ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន ត្រូវប្រមូលអាករតាមវិធីគិតអាករជំនួស (Reverse Charge) ហើយធ្វើការប្រកាសនិងបង់អាករលើតម្លៃបន្ថែមមករដ្ឋបាលសារពើពន្ធ តាមច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ។

អាករលើធាតុចូលដូចមានកំណត់ក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវបានអនុញ្ញាតជាឥណទានអាករលើ ធាតុចូលដោយផ្អែកតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

វិធាននិងឌីតិវិធីលម្អិតនៃការអនុវត្តអនុក្រឹត្យនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង