ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តបាត់ដំបង បិទផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំ

58

 

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបងជាបណ្ដោះអាសន្ន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានទទួលបានបញ្ជាក់ថា ផ្សារចំនួន៨ នៅក្រុងបាត់ដំបង ដែលត្រូវបានបិទបណ្ដោះអាសន្ននោះរួមមាន៖

ទី១៖ ផ្សារធំបាត់ដំបង (ផ្សារណាត់)
ទី២៖ ផ្សារបឹងឈូក
ទី៣៖ ផ្សារ១៣មករា
ទី៤៖ ផ្សារអប្សារផ្សារលើ
ទី៥៖ ផ្សេងរោងល្ខោន
ទី៦៖ ផ្សារវត្តលៀប
ទី៧៖ ផ្សារពោធិ៍វង្ស
ទី៨៖ ផ្សារទំនើបភូពុយ។

រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងផ្សារទាំង៨នេះ ត្រូវបានអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយអនុវត្តនូវវិធានការសុខាភិបាល ក្នុងការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងដៃ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ )មានរយៈពេល ៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ -១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងបាត់ដំបង ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងទីតាំង ដែលត្រូវបានបិទ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់រួមមាន ៖ ការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ។ ពង្រឹងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត៕

អត្ថបទដែលជាប់ទាក់ទង