ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណ អ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៩នាក់

44

 

ខេត្តស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៩នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុគ្គលិកចំនួន ៣៩នាក់ បម្រើការងារនៅកាស៊ីណូបាវិត -ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

កាលពីថ្ងៃទី០៨ និងទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក អ្នកមានរោគសញ្ញាចូលក្នុង និយមន័យសង្ស័យថាមានជំងឺកូវីដ-១៩ នៅកាស៊ីណូខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផល វិជ្ជមានជំងឺកូវីដ -១៩ ។

បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ -១៩ ដែលជាបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយ ចំនួន ៣៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត និងចំនួន ០៥នាក់ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ។ ចំពោះទីតាំងកាស៊ីណូ បាវិត -ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ -១៩ ត្រូវបានរៀបចំជា
មណ្ឌលចត្តាឡីស័ក។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើ មានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ របស់ក្រុមការងារ ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ និងបុគ្គលិកសុខាភិបាលខិតខំ បំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តស្វាយរៀង ។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

 

អត្ថបទដែលជាប់ទាក់ទង