ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារបក្សចុះជួយខណ្ឌដង្កោរួមសាមគ្គីភាពគ្នាបានល្អ នាំមកនូវភាពឈ្នះក្នុងការបោះឆ្នោតយ៉ាងលើសលប់

120
ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខណ្ឌដង្កោ រួមជាមួយសមាជិក សមាជិកាបក្សបានរួមសាមគ្គីភាពគ្នាយ៉ាងល្អ ដែលសកម្មភាពនេះបានធ្វើអោយគណបក្សប្រជាជននាំមកនូវភាពឈ្នះក្នុងការបោះឆ្នោតយ៉ាងលើសលប់ កាលពីថ្ងៃ២៩កក្កដាកន្លងមកនេះ។
  នេះជាប្រសាសន៍លើកឡើងរបស់លោកកែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោនិងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ដែលទើបជាប់ឆ្នោតថ្មីអាណត្តិទី៦ ក្នុងឱកាសដែលលោកអញើញចូលរួមក្នុងឱកាសបាយសាមគ្គី ជាមួយសមាជិក សមាជិកាបក្សប្រមាណជាង១០០០នាក់ កាលពីរាត្រីថ្ងៃទី១៧ សីហា២១០៨នៅទីស្នាក់ការគណបក្សខណ្ឌដង្កោ ក្រោយពីទទួលបានភាពជោគជ័យយ៉ាងធំធេង កាលពីថ្ងៃ២៩កក្កដាកន្លងមកនេះ។
  លោកបន្តថា ការដែលយើងទទួលបានជោគជ័យបែបនេះ គឺពិតជាបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាដែលយកអស់កម្លាំងកាយចិត្តនាពេលកន្លងមក។
  លោកកែប ជុតិមា បានបញ្ជាក់ថា ថ្ងៃដែលយើងបានជួបជុំគ្នាហូបបាយសាមគ្គីនេះ(ថ្ងៃទី១៧ សីហា២០១៨)គឺជាថ្ងៃសិរីមង្គល ដែលជាថ្ងៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយសម្តេចតេជោ ដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍរីកចំរើនមួយកំរិតថែមទៀត។
   លោកនុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ បានលើកឡើងថា សាមគ្គីភាពល្អជាការងារស្នូ បង្កើតអោយមានភាពរឹងមាំ ទាំងនេះបានធ្វើអោយគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង មិនធ្លាប់មានកន្លងមក ។លោកបញ្ជាក់ថា នៅរាជធានីភ្នំពេញសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះ ខណ្ឌដង្កោទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីខណ្ឌព្រែកព្នៅ ដែលនេះពិតជាបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានាពេលកន្លងមក។
    គួរបញ្ជាក់ផងដែរថា ក្នុងឱកាសបាយសាមគ្គី ជាមួយសមាជិក សមាជិកាបក្សប្រមាណជាង១០០០នាក់នោះ ក្រៅពីការហូបចុក រាំរែកបង្កភាពសប្បាយរីករាយហើយនោះ ក្នុងកម្មវិធីសប្បាយនោះក៏មានការចាប់រង្វាន់ជាច្រើនរយរង្វាន់ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង