ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួល សៀវភៅ «ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស»

69

 

ភ្នំពេញ៖ នាថ្ងៃថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) មានរៀបចំពិធីប្រគល់-ទទួល សៀវភៅ «ច្បាប់ និងបទប្បញ្ញត្តិទាក់ទង នឹងការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស» ចំនួន ២,០០០ក្បាល ក្រោមអធិបតីភាពរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួម ពីលោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន (Japan International Cooperation Agency-JICA)។

សៀវភៅ «ច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស» បានចងក្រង និងធ្វើបច្ចុប្បន្នភាពដោយ អគរ និងត្រូវបានបោះពុម្ភ ជាលើកទី២ ជាភាសាខ្មែរ និងអង់គ្លេស ក្រោមជំនួយរបស់ JICA ក្នុងគោលបំណងផ្សព្វផ្សាយជូនវិនិយោគិន និងធុរជននូវ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ទាក់ទងនឹងការវិនិយោគ និងនីតិវិធីគយសំខាន់ៗ ជាពិសេសនីតិវិធីគយពិសេសសម្រាប់អនុវត្តក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព និងការបោះផ្សាយឯកសារ ច្បាប់ និងបទប្បញ្ញត្ដិទាក់ទងនឹងការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ជាជំហានដ៏សំខាន់ថ្មីមួយទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការស្វែងយល់នូវនីតិវិធីជាធរមានចាំបាច់នានា ក៏ដូចជាចូលរួមបង្កើននូវភាពជឿទុកចិត្ដពីសហគមន៍ធុរកិច្ច និងចូលរួមទ្រទ្រង់ដល់ការអនុវត្ដកម្មវិធីកែទម្រង់ និងទំនើបកម្មគយ ឈានទៅសម្រេចចក្ខុវិស័យក្នុង «ការអភិវឌ្ឍខ្លួនឲ្យក្លាយជារដ្ឋបាលគយទំនើបនាំមុខគេក្នុងការផ្តល់សេវា ដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកការពារសង្គម ប្រកបដោយចីរភាព និងប្រសិទ្ធភាព»។

លោករដ្ឋមន្រ្តីប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ JICA នូវទឹកចិត្តដ៏ថ្លៃថ្លា ដែលតែងតែផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមកសាងសមត្ថភាព អគរ ឲ្យកាន់តែមានភាពរឹងមាំជាបន្តបន្ទាប់។

អគរ និងតំណាង JICA បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង