ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយប្រមូលចំណូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០

65

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំខែមីនា និង ត្រីមាសទី១ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

ក្នុងខែមីនា ឆ្នាំ២០២១ អគរ ប្រមូលចំណូលបាន ៨៥៥.៩ ប៊ីលានរៀល (ស្មើនឹង ២១១.៣ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៤.៧% បើធៀបនឹងខែមីនា ឆ្នាំ២០២០ ។ ដោយឡែក ចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។ លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦%នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១ នេះ បើគិតតាមប្រភេទពន្ធនិងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៩៣០.៧ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៤%នៃចំណូលសរុប), អាករពិសេសមាន ៩៥៨ ប៊ីលានរៀល (ត្រូវជា ៣៨.៥%នៃចំណូលសរុប), ពន្ធគយមាន ៤៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៧.៨%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ១០៦.៧ ប៊ីលានរៀល (ត្រូវជា ៤.៣%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៥១ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។ បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,០៨៣.៣ ប៊ីលានរៀល គ្របដណ្តប់ ៤៣.៥% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៦៨២.៣ ប៊ីលានរៀល ត្រូវជា ២៧.៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៦៨.៣ ប៊ីលានរៀល ស្មើនឹង ២២.៨% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ១៥៥.៩ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ។
បើពិនិត្យមើលតួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖
• ការនាំចូលសរុប មានចំនួន ៧,៥១៤.២១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២,៤៦២.៤០ លានដុល្លារអាមេរិក ឬ ៤៨.៧៤%
• ការនាំចេញផលិតផលកាត់ដេរមានចំនួន ២,៥២៧.១៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៤៥.៥១ លានដុល្លារអាមេរិក ស្មើនឹង៥.៤៤%,
• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៨៨៧.៦៨ លានដុល្លារអាមេរិក កើនឡើងប្រមាណប្រមាណ ៣០០.៩៣ លានដុល្លារអាមេរិក ឬ៥២.១៨%។ កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា,
• ការនាំចេញកសិផលមានចំនួន ១,០១៤.១២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤១៨.៨៤ លានដុល្លារអាមេរិក ឬ៧០.៣៦% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១.២៣ លានតោន មានតម្លៃ ៣១៦.០៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៩៣.៣៥ ពាន់តោន (១២៩.១៣%) ឬស្មើនឹងប្រមាណជា ២០៨.៤៣ លានដុល្លារអាមេរិក (១៩៣.៧២%), ការនាំចេញអង្ករសម្រេចបាន ១៥៥.៧៥ ពាន់តោន មានតម្លៃ ១០៩.៨០ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥៣.៣៧ ពាន់តោន (២៥.៥២%) ឬប្រមាណ ៣៦.០៣ លានដុល្លារអាមេរិក (២៤.៧១%), កៅស៊ូនាំចេញមានចំនួន ៦១.៩៣ ពាន់តោន មានតម្លៃ ៩៣.០៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៩.៦១ ពាន់តោន (១៧៧.៤៨%) ឬប្រមាណ ៦២.២៣ លានដុល្លារអាមេរិក (២០២.០២%) និងកសិផលផ្សេងទៀតមានចំនួន ២.៦៨ លានតោន មានតម្លៃ ៤៩៥.២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨៦៦.៨៨ ពាន់តោន (៤៧.៧១%) ឬប្រមាណ ១៨៤.២ លានដុល្លារអាមេរិក (៥៩.២២%)។

នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ នេះ ទន្ទឹមនឹងការងារប្រមូលចំណូល អគរ ក៏សម្រេចបានលទ្ធផលល្អប្រសើរលើការងារសំខាន់ៗមួយចំនួនទៀត ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖ (១).ការអនុវត្តនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការទ្រទ្រង់និងស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩, (២).ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព, (៣).ការបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងកែលម្អបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយនិងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការងារគយ, និង (៤).ការចូលរួមសកម្មភាពសង្គមនានា និងអនុវត្តវិធានការសុខាភិបាលដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម ។
ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងបរិបទដែលប្រទេសកម្ពុជាយើង ក៏ដូចជាសាកលលោកទាំងមូលកំពុងជួបប្រទះនឹងរោគរាតត្បាតកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានធ្វើការក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ (១). ការពង្រឹងអភិបាលកិច្ចល្អក្នុងស្ថាប័ន ដោយត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ ជាពិសេសការអនុវត្តស្របតាមអភិក្រម ៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់, (២). ការលើកកម្ពស់អនុលោមភាពវិស័យឯកជន, (៣).ការពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម ដោយបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន, (៤).ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់ពន្ធ, (៥).ការពង្រឹងប្រសិទ្ធភាពការងារចរន្តដែលត្រូវអនុវត្តប្រចាំថ្ងៃ, (៦). ការពង្រឹងការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង (៧). ការបន្តចូលរួមអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាល ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការកៀរគរចំណូលប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាត ព្រមទាំងប្រើប្រាស់ឱ្យអស់សក្តានុពល បញ្ញាស្មារតី ដើម្បីអនុវត្តផែនការចំណូលឲ្យបានគ្រប់និងលើសផែនការ ហើយទន្ទឹមនឹងនោះត្រូវរក្សាបាននូវនិរន្តរភាពការងារ និងធានាបានសុវត្ថិភាពដល់មន្រ្តី និងបុគ្គលិកក្រោមឱវាទ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារ ។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ អគរ ឱ្យបន្តចូលរួមក្នុងការងារសង្គមក្នុងគ្រាដ៏លំបាកនេះ តាមរយៈការបន្តអនុវត្តយុទ្ធនាការមនុស្សធម៌/សប្បុរសធម៌ចុះជួយសម្រួលការលំបាករបស់ជនងាយរងគ្រោះ ដូចជា កុមារកំព្រា ជនទីទាល់ក្រ និងគ្រួសារដែលជាប់កាតព្វកិច្ចចត្តាឡីស័ក ជាដើម ។ល៕

អត្ថបទដែលជាប់ទាក់ទង