ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រ សហគ្រាស និងសិប្បកម្ម ទាំង១១ប្រភេទអនុញ្ញាតឱ្យមានបុគ្គលិក ចាំបាច់មិនលើសចំនួន ២៥នាក់ ធ្វើការនៅលើទីតាំងផលិតកម្មរបស់ខ្លួន

128

 

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីបញ្ជាក់បន្ថែមអំពីប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលអាចស្នើសុំបុគ្គលិកចាំបាច់បំផុតដើម្បីប្រចាំការ និងអំពីឯកសារតម្រូវក្នុងពេលធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម។

យោងសេចក្តីសម្រេចលេខ ៤៩ សសរ របស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្ដីសម្រេចលេខ ០៤២/២១ កប/សសរ ,ខល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ដីពីប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្មដែលត្រូវបានអនុញ្ញាតឱ្យ ដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការអនុវត្តវិធានការ បិទខ្ទប់ជាបណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នោះក្រសួងសូមបញ្ជាក់បន្ថែមដល់លោក លោកស្រីជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្មថា មានតែរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានកម្មករនិយោជិតលើសពី ៣០០នាក់ ក្នុង ១ទីតាំង ហើយមានតម្រូវការចាំបាច់ឱ្យមានបុគ្គលិកថែទាំវត្ថុធាតុដើម និងសន្និធិផលិតផលប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានបុគ្គលិក ចាំបាច់មិនលើសចំនួន ២៥នាក់ ធ្វើការនៅលើទីតាំងផលិតកម្មរបស់ខ្លួន។ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ទូទៅគឺមិនអនុញ្ញាតឱ្យមានបុគ្គលិកធ្វើការនៅលើទីតាំងឡើយ ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ។

ដើម្បីសម្រួលដល់ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម សូមលោក លោកស្រីជាម្ចាស់ ឬ នាយករោងចក្រ សហគ្រាស និងសិប្បកម្ម ទាំង១១ប្រភេទ ដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ផ្តល់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដល់បុគ្គលិករបស់ខ្លួន និងណែនាំ ដល់បុគ្គលិករបស់ខ្លួនឱ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួនតាមខ្លួនជានិច្ច ដើម្បីបង្ហាញជូនសមត្ថកិច្ច នៅពេលធ្វើដំណើរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល នឹងបន្តផ្តល់ “លិខិតអនុញ្ញាតចេញ-ចូល” ទៅតាមសំណូមពរ និងតម្រូវការជាក់ស្តែងដល់តំណាងរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជា បណ្តោះអាសន្ននៅរៀងរាល់ម៉ោងធ្វើការ។

ក្រសួងសូមអំពាវនាវដល់គ្រប់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់មេត្តាអត់ធ្មត់ និងចូល រួមអនុវត្តវិធានការបិទខ្ទប់នេះឱ្យបានល្អដើម្បីយើងឆាប់កាត់ផ្តាច់ឬសគល់នៃព្រឹត្តិការណ៍ឆ្លងសហគមន៍-២០កុម្ភៈ និងវិល ត្រឡប់មករកភាពប្រក្រតីកម្មនៃគ្រប់សកម្មភាពអាជីវកម្មវិញ៕

អត្ថបទដែលជាប់ទាក់ទង