ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់តំណែងអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៣រូប និងអគ្គលេខាធិការរងម្នាក់

177


ភ្នំពេញ៖លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន អនុប្រធាន និង លោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរង គណបក្សហ៊្វុនស៊ិនប៉ិចជាដើម ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ចេញសេចក្តីសម្រេចបញ្ចប់តំណែងហើយ។ យោងតាមសេចក្តីសម្រេចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
ក្នុងសេចក្តីសម្រេចដែលចុះព្រះហស្ថលេខា កាលពីថ្ងៃ០៨ ខែសីហានោះ ក្រោយពេលបញ្ចប់តំណែងនេះ មន្រ្តីជាន់ខ្ពស់៣រូប ក្នុងចំណោម៤រូបនោះដែលរួមមាន លោក យូ ហុកគ្រី , លោក ប៉ោ ប៊ុនស្រ៊ឺ និង លោក ញ៉េប ប៊ុនជិន ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំងមកជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ខណៈអ្នកទាំងនោះកាន់តែមានវ័យចំណាស់ផងដែរ។
គួរបញ្ជាក់ថា៖ ក្រោយពេលបញ្ចប់តំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូបខាងលើនេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស បានសេចក្តីសម្រេចមួយ តែងតាំងបុត្រាច្បងរបស់ព្រះអង្គ១រូប ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ម៉ារី រណឫទ្ធិ។ ក្រៅពីការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំង អគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕


អត្ថបទដែលជាប់ទាក់ទង