ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជន់លិចខ្លាំង ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ត្រូវអាជ្ញាធរផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន

52

ព្រះសីហនុ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៨នេះ បានប្រកាសថា ដោយសារមានភ្លៀងច្រើន បង្កឲ្យជន់ហូរលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ ឆ្លងកាត់ទីនោះជាបណ្តោះអាសន្ន។

ក្រសួងធនធានទឹក បានបញ្ជាក់ថា​ «បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវាញ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ៤ ថ្មីម្តងទៀត ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ចរាចរណ៍ឆ្លងកាត់នៅចំណុចខាងលើ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នសិន»។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឲ្យដឹងផងដែរថា ស្ថានភាពទឹកជំនន់នេះ នាំឲ្យការឆ្លងកាត់ត្រូវផ្អាកជាបណ្តោះអាសន្ន ហើយកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងជួយអន្តរាគមន៍នៅទីនោះ។

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះស្ថានភាពទឹកភ្លៀង បានហូរកាត់ផ្លូវជាតិលេខ៤ ចាប់ពីចន្លោះគីឡូម៉ែត្រ 89-90 ដែលទាមទាឲ្យរថយន្តធំៗផ្អាកដំណើរការបណ្តោះអាសន្ន ។ បើគិតមកដល់ពេលនេះកំពស់ទឹកហូរកាត់ផ្លូវជាតិជ្រៅបំផុតកំពស់ប្រហែល ១តឹក និងមានចម្ងាយប្រហែល ២០០មែត្រ កម្លាំងកំពុងសម្រួលចរសចរណ៏ ក៏ប៉ុន្តែតែភ្លៀងនៅតែរលឹមមិនទាន់ឈប់ទេ៕

អត្ថបទដែលជាប់ទាក់ទង