ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដចល័ត ដឹកអង្ករ និងមី លក់ជូនពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់

63

 

ភ្នំពេញ ៖ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម បានដឹកអង្ករ និងមី លក់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ សរុបបានចំនួន ២៣៤បាវ និងមីជាតិចំនួន ១៤១៩កេស។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យុទ្ធនាការនៃការចល័តរថយន្តរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីដឹកអង្ករលក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺបានចូលរួមចំណែក ក្នុងការកាត់បន្ថយការឡើងថ្លៃទំនិញ និងជួយសំរួលការលំបាករបស់ពលរដ្ឋ ក្នុងកាលៈទេសៈនៃការបិទខ្ទប់នេះ ហើយរថយន្តចល័តរបស់ក្រុមហ៊ុន Green Trade នៃក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន រហូតដល់ស្ថានការបានធូរស្រាល។

ឯកឧត្តមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបន្តថា ក្រុមការងារ នឹងបន្ដចល័តរថយន្តលក់នេះ នៅតំបន់ ដែលមានកម្មករស្នាក់នៅច្រើន ដែលមានតំរូវការ ហើយជួបការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល។ ក្រុមការងារក្រសួងពាណិជ្ជកម្ម ក៏បានចុះអង្កេតតាមដាន ស្ថិរភាពការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃទំនិញ តាមរយៈកិច្ចសហការជាមួយអាជ្ញាធរផ្សារ ដោយតាមដានជាប្រចាំ និងត្រៀមអន្តរាគមន៍ នៅពេលមានសភាពការណ៍ចាំបាច់។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ និងតំបន់បិទខ្ទប់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេសដែលមានតម្លៃទាបជាងទីផ្សារ៕

អត្ថបទដែលជាប់ទាក់ទង