ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះប្រតិកម្មទើបសារព័ត៌មាន Vice Asia សុំទោសជាសាធារណៈ ចំពោះក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជា ចំពោះការកែរូបថតជនរងគ្រោះនៅសារមន្ទីរទួលស្លែង

64

 

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹង ស្តីពីការសុំទោសជាសាធារណៈរបស់សារព័ត៌មាន Vice Asia ចំពោះក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជា ចំពោះការកែរូបថតជនរងគ្រោះនៅសារមន្ទីរទួលស្លែង។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ ក្រោយមានប្រតិកម្មពីសាធារណជនជាតិ អន្តរជាតិ និង វិធានការនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សារព័ត៌មាន Vice Asia បានសម្រេចលុបខ្លឹមសារនៃបទសម្ភាសន៍ជាមួយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ចេញពីបណ្តាញផ្សព្វផ្សាយ របស់ខ្លួន និង ចេញសារសុំទោសជាសាធារណៈចំពោះក្រុមគ្រួសារជនរងគ្រោះ និង ប្រជាជនកម្ពុជាចំនួនពីរលើកដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោមនេះ៖

・ លើកទី១៖ កាលពីថ្ងៃសុក្រ ទី៩ ខែមេសា បណ្ដាញសារព័ត៌មាន VICE Asia បានចុះផ្សាយបទសម្ភាសន៍មួយជាមួយ Matt Loughrey វិចិត្រករ ដែលបានកែប្រែរូបថតជនរងគ្រោះពីមន្ទីរស-២១នៅប្រទេសកម្ពុជា ជារូបគូល័រ ដែលរូបថតទាំងនោះធ្លាប់ប្រើប្រាស់ដោយរបបខ្មែរក្រហមនាកំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩។ អត្ថបទផ្សព្វផ្សាយនេះ បានបង្ហាញរូបថតជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដែលវិចិត្រករ Loughrey បាន កែច្នៃជារូបគូល័រខុសពីការពិត។ សាច់រឿងអត្ថបទនេះ មិនបានឆ្លើយតបទៅនឹងកម្រិតស្តង់ដារនៃវិចារណកថា របស់ VICE ឡើយ ហេតុដូច្នេះទើបអត្ថបទខាងលើត្រូវដកចេញពីបណ្តាញសារព័ត៌មាន។ យើងខ្ញុំសោកស្ដាយ ពន់ពេកចំពោះកំហុសដែលកើតមាន ហើយយើងខ្ញុំនឹងបន្តតាមដានពីភាពខ្វះខាតលើដំណើរការនៃការ កែសម្រួលអត្ថបទមុនពេលចេញផ្សាយ។”

・ លើកទី២៖ “យើងខ្ញុំបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីពិនិត្យឡើងវិញនូវកង្វះខាតក្នុងការ ចេញផ្សាយអត្ថបទរបស់ Matt Loughrey ។ យើងខ្ញុំ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការឈឺចាប់ បណ្តាលមកពីអត្ថបទនេះ និង សូមអភ័យទោសដោយស្មោះចំពោះក្រុមគ្រួសារជនរងគ្រោះនិងប្រជាជនក្នុង ប្រទេសកម្ពុជា។ បច្ចុប្បន្ន យើងខ្ញុំកំពុងទាក់ទងផ្ទាល់ជាមួយសហគមន៍និងបុគ្គលមួយចំនួន ដើម្បីបញ្ជាក់ពី បញ្ហានេះ។ យើងខ្ញុំនឹងបន្តខិតខំត្រួតពិនិត្យ និង ថ្លឹងថ្លែងយ៉ាងម៉ត់ចត់ចំពោះអត្ថបទដែលត្រូវចុះផ្សាយក្នុង បណ្តាញរបស់យើងខ្ញុំ ដើម្បីធានាថានឹងមិនឲ្យមានការខ្វះខាតកើតមានឡើងជាថ្មីម្ដងទៀតឡើយ។ ”

ឯកឧត្តម ហ៊ុន ម៉ានី បានពេលថ្មីៗនេះថា ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដែលបានឃើញនូវការកែរូបថតជនរងគ្រោះនៅគុកទួលស្លែង (ស ២១) ដែលបង្ហាញយ៉ាងច្បាស់ថា បុគ្គលទាំងនោះ ជាពិសេសជនបរទេស ពិតជាមិនបានយល់ច្បាស់ពីសោកនាដកម្មដ៏សែនឈឺចាប់ និងខ្លោចផ្សារបំផុតរបស់ប្រជាជាតិកម្ពុជា ជាពិសេសគឺជនរងគ្រោះដែលបានឆ្លងកាត់នូវទារុណកម្ម និងការកាប់សម្លាប់នៅក្នុងគុកទួលស្លែង។ តើការកែរូបថតខាងលើនេះ បានគិតទៅដល់ការឈឺចាប់របស់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគាត់ដែរ ឬទេ? តើបានផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នកបាត់បង់ជីវិតនៅទីនោះឬទេ? ឬគិត ដល់អារម្មណ៍របស់សាក្សីរស់ ដែលស្ទើរតែគេចមិនផុតពីនរកលោកិយ៍នៅ ស ២១ នោះឬទេ?

កូនខ្មែរគ្រប់ជំនាន់ ត្រូវចង់ចាំ ផ្តល់ការគោរព និងការពារសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានបាត់បង់ជីវិត នៅ ស ២១ ដោយអយុត្តិធម៌បំផុត។

ក្នុងន័យនេះ រាល់ការកែច្នៃ ការលេងសើច ឬទង្វើណាមួយ របស់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផង ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដោយត្រូវយល់ឲ្យច្បាស់ ពីការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសាក្សីរស់ដែលនៅរស់រានមានជីវិត ពីសោកនាដកម្ម ដ៏សាហាវ យង់ខ្នងនេះ។

ខ្ញុំសង្ឃឹមថា ករណីបែបនេះ ឬស្រដៀងគ្នានេះ នឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ ទោះក្នុងទិដ្ឋភាពណាក៏ដោយ ដែលក្នុងនាមជាកូនខ្មែរ យើងមិនអាចទទួលយកបានជាដាច់ខាត។ លើស ពីនេះបុគ្គលដែលប្រមាថ ទោះក្នុងរូបភាពណា ក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង