ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យទាំង ១០នាក់ ប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការ

49


បន្ទាយមានជ័យ-តាកែវ៖ ក្រោយពីទទួលបានចម្លើយសារភាព និងធ្វើតេស្តទឹកនោមជនសង្ស័យទាំង ១០នាក់ ក្នុងករណីបទល្មើសគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា ត្រូវកម្លាំងជំនាញអាវុធហត្ថ សម្រេចចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

កម្លាំងជំនាញអាវុធហត្ថ បានឲ្យដឹងថា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។
លោកវរសេនីយ៍ត្រី ងួណ ភិរម្យ បានឱ្យដឹងថា ៖ នៅថ្ងៃកើតហេតុ លោកបានទទួលព័ត៌មាន មានករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលកំពុងតែប្រើប្រាស់សារធាតុញៀននៅទីនោះ មាន ៖ ១-ឈ្មោះ សូត្រ ចាន់យឿត (ហៅ នុយ) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ២-ឈ្មោះ អួន ចាន់សុវណ្ណឌី ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងវត្ថុតាងរួមមាន ៖ -ទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ១គ្រឿង -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ត្រី ងួន ភិរម្យ បានបន្ថែមថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីទទួលបានចម្លើយសារភាព និងធ្វើតេស្តទឹកនោមជនសង្ស័យទាំង ២នាក់ខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

ចំណែកមួយករណីទៀត នៅម៉ោង ១៦ ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកសំរោង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅចំណុចហាងយីហោ (ជំនោរ អូរតាសុខ ) ស្ថិតនៅភូមិ ព្រៃទទឹង ឃុំ សំរោង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ ៖ ១-ឈ្មោះ ឆាយ សុងហៀង ភេទប្រុស អាយុ ២១ឆ្នាំ ២-ឈ្មោះ ម៉េង ស៊ីហៃ ភេទប្រុស អាយុ ១៧ ឆ្នាំ ៣-ឈ្មោះ ម៉ាច ស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ ៤-ឈ្មោះ សោ ហុងគ្រី ភេទប្រុស អាយុ ២២ ឆ្នាំ ៥-ឈ្មោះ ហ៊ា ចន្រ្ទា ភេទប្រុស អាយុ ២១ ឆ្នាំ ៦-ឈ្មោះ អ៊ឹង រដ្ឌា ភេទប្រុស អាយុ ២២ ឆ្នាំ ៧-ឈ្មោះ ស៊ិន សុខា ភេទ ប្រុសអាយុ ៣០ ឆ្នាំ ៨-ឈ្មោះ សួន រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ
កម្លាំងដកហូតចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាចំនួន ៣៣ កញ្ចប់តូច ទំងន់ ១០,៤៥ ក្រាម ទូរស័ព្ទចំនួន ៧គ្រឿង លុយរៀលចំនួន ៦០.០០០រៀលនិង លុយដុល្លារ១០ដុល្លារ ម៉ូតូចំនួន ២គ្រឿង រថយន្ត ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕


អត្ថបទដែលជាប់ទាក់ទង