ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារណាត់ជ្រោយចង្វារបើកដំណើរការ បម្រើសេវាផ្នែកគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ

20

 

ភ្នំពេញ៖ «ផ្សារណាត់ជ្រោយចង្វារ» ដែលផ្ដួចផ្ដើមគំនិតដោយ លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ រួមសហការដោយក្រុមហ៊ុន OCIC ផ្តល់ទីតាំង ផ្តល់ទឹក ផ្តល់ភ្លើង ដោយឥតគិតថ្លៃ និងការរៀបចំផ្សារ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារ ត្រី សាច់ បន្លែ ដោយ ឯកឧត្តម ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET’S GROUP និងក្រុមហ៊ុន TADA DELIVERY បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឃ្លាំង ហួត បានថ្លែងប្រាប់ថា «ផ្សារណាត់ជ្រោយចង្វារ» គឺបង្កើតឡើងក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញទាំងមូលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ គោលបំណងនៃការបង្កើតផ្សារណាត់នេះឡើង គឺដើម្បីកាត់បន្ថយការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ចេញទៅមូលដ្ឋានខណ្ឌដទៃ។

គួរបញ្ជាក់ផងដែរថា៖ ការបង្កើត «ផ្សារណាត់ជ្រោយចង្វារ» ជាយន្តការមួយប្រកបដោយប្រសិទ្ធភាពក្នុងការជួយដោះស្រាយ និងផ្តល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការទិញត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខ មី អាហារបម្រុងផ្សេងៗតាមតម្រូវការ ដោយអាចអញ្ជើញមកទិញផ្ទាល់ ឬអាចបញ្ជាកម្មង់ទិញតាមរយៈទូរស័ព្ទ Smart៖ 010 656 705 / 010 656 245 និង Cell card៖ 011 61 94 63 / 061 845 423 ព្រមទាំងមានសេវាកម្មដឹកជញ្ជូនដល់កន្លែង ប្រកដោយអនាម័យខ្ពស់ គុណភាពល្អ និងតម្លៃសមរម្យថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង