ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៨៧នាក់ នៅខេត្តព្រះសីហនុ

73

 

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៨៧នាក់ គឺជា អាជីវករ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកស្នាក់នៅ និងបុគ្គលិកបំរើការងារនៅទីក្រុងរស្មីមង្គល យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នក ជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១៨៧នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំងចំនួន ១៨៧នាក់ គឺជា អាជីវករ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកស្នាក់នៅ និងបុគ្គលិកបំរើការងារនៅទីក្រុងរស្មីមង្គល ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩-បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧ មករា នៅរៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក ) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីសឹករយៈពេលពល១៤ថ្ងៃ។

បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ ល។ ត្រូវប្រញាប់ទំនាក់ទំនង ទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង