ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកដីបើកបុក ម៉ូតូកិនមន្ត្រីនគរបាលម្នាក់ស្លាប់ និងប្រពន្ធរងរបួសធ្ងន់

94

 

ភ្នំពេញ ÷ មន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ បានបែកខួរស្លាប់ភ្លាមៗ និងប្រពន្ធ បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបែនដឹកដីបើកទៅគៀបណ្តាលឲ្យម៉ូតូដួល រួចកិនពីលើស្លាប់ភ្លាមៗ រីឯអ្នកបង្កវិញត្រូវសមត្ថកិច្ចតាមឃាត់បានទាំងមនុស្សនិងរថយន្ត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលកើតឡើងនៅវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី១ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រចំណុចទល់មុខបុរីប៉េងហួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។

សពមាន ឈ្មោះ ម៉ៅចាន់ ឌូ ភេទប្រុស អាយុ២០ឆ្នាំជាង មុខរបរជាមន្រ្តីនគរបាលនៅខណ្ឌដង្កោ ផ្នែកអន្តរាគមន៍ពិសេ បច្ចុប្បន្នស្នាក់នៅខណ្ឌដង្កោ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ពិសេស នៅខណ្ឌដង្កោម្នាក់ និងប្រពន្ធបានជិះម៉ូតូម៉ាកប៊ីតមួយគ្រឿង ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ1-IN 2083 បានឌុបគ្នាធ្វើរដំណើរ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេបានឃើញរថយន្តប្រភេទបែនដឹកដីមួយគ្រឿងទៀត ពណ៌សដាក់ផ្លាកលេខនៅលើក្បាលរថយន្ត P66 ធ្វើរដំណើរស្របទិសពីក្រោយ ក្នុងទិសដៅពីជើងមកត្បូងដូចគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំកើតហេតុ ក៏បានបទស្តាំគោលបំណងចូលក្នុងការដ្ឋាន បានជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យដួលរួចកិនពីលើក្បាលបុរសម្នាក់ ជាមន្រ្តីនគរបាលបែកខួរស្លាប់យ៉ាងអាណោចអាធ័ម ចំណែកស្រ្តីជាប្រពន្ធ បានបាក់ជើងត្រូវបានរថយន្តដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូជនរងគ្រោះវិញខ្ទេចមើលលែងយល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏ពិនិត្យកន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្តបង្ក ទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង