ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកច្បាប់ ចេញមុខឆ្លើយតប ចំពោះការទាមទារ ឲ្យតំណាងរាស្ត្រ ចុះជួបសួរសុខទុក្ខពលរដ្ឋ ក្នុងតំបន់ក្រហម

320

 

ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២១ បានសរសេរសារឬហ្វេសប៊ុកដោយរៀបរាប់ថា ប៉ុន្មានថ្ងៃនេះ ឃើញគេបង្ហោះសារ ជាមួយរូបថតទាមទារឱ្យតំណាងរាស្រ្តមណ្ឌលភ្នំពេញ ចុះជួបសួរសុខទុក្ខ និងជួយពលរដ្ឋក្នុងតំបន់ក្រហម ចេះតែនឹកឆ្ងល់ចំនួន៣ចំណុច៖

១. តើអ្នកបង្ហោះសារទាមទារនោះ សុទ្ធតែបានបោះឆ្នោតឱ្យអ្នកតំណាងរាស្រ្តទាំងនោះដែរឬទេ ឬមួយគ្រាន់តែចង់បណ្តុះបង្អាប់? មិនប្រាកដទេ តែទោះជាយ៉ាងណា តំណាងរាស្រ្តជាប់ឆ្នោត គឺតំណាងឱ្យរាស្រ្តទូទាំងប្រទេសដោយមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

២. នៅក្នុងតំបន់ក្រហម វិធានរឹតត្បិតតឹងរុឹង រាល់ការធ្វើដំណើរនិងសកម្មភាពនានាត្រូវបានហាមឃាត់ រួមទាំងតំណាងរាស្រ្តផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ដូច្នេះ រាល់ជំនួយរបស់តំណាងរាស្រ្ត អាចផ្តល់ឱ្យបានតាមរយៈនិងដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការបិទខ្ទប់ដែលមានសិទ្ធិចេញចូលឆ្លងកាត់តំបន់ក្រហមនោះបាន។

៣. កន្លងមក មានអង្គការសង្គមស៊ីវីលមួយចំនួនទាមទារចុះចែកអំណោយក្នុងតំបន់ក្រហមដោយខ្លួនឯង តាមបែបអនាធិបតេយ្យតែមិនត្រូវបានអនុញ្ញាតនោះទេ ព្រោះបំពានវិធានការបិទខ្ទប់។ អង្គការសង្គមស៊ីវីលទាំងនោះ មិនព្រមស្តាប់តាមការណែនាំនិងសហការជាមួយសមត្ថកិច្ចនោះទេ តែបែជាធ្វើការរិះគន់និងចោទប្រកាន់សមត្ថកិច្ចទៅវិញ។ អត់យល់។

សូមបញ្ជាក់ថា លោកអ៊ូ វីរៈ បានសរសេរសារនៅលើហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា និយាយចឹង អ្នកណាខ្លះស្គាល់ តំណាងរាស្រ្តខ្លួន? អ្នកក្នុងដំបន់ក្រហម ជាពិសេស បានជួបនៅ?

ឆ្លើយតបនឹងសាររបស់លោកអ៊ូ វីរៈ នោះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបក្នុងខំមិននោះថា ជូនលោក OU Virak អាទិភាពទី១ គឺអាយុជីវិតរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលពេលនេះ បានរៀបចំយន្តការសម្រាប់ ដោះស្រាយបញ្ហាកូវីដ-១៩ ទាំងវិធានរដ្ឋបាល និង វិធានសុខាភិបាលរួចស្រេច ពេលនេះមិនមែនជាពេលធ្វើនយោបាយញុះញង់នោះទេ សូមលោក អាណិតជីវិតប្រជាពលរដ្ឋ និងការខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលផង។

ការប្រឹងប្រែងនេះ ក៏ជាផ្តល់ប្រយោជន៍របស់ក្រុម គ្រួសាររបស់លោកផងដែរ អ្នកទាំងអស់នោះខ្លះពុំ មានសញ្ជាតិអាមេរិកាំងដូចលោកទេ។
គួរពុំគួរសូមអភ័យទោស

តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ អស់លោកបានអ្វីខ្លះ ជួយប្រជាពលរដ្ឋ?៕

អត្ថបទដែលជាប់ទាក់ទង