ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល ២ថ្ងៃ យុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋទូទៅនៅតំបន់ក្រហម បាន ៦ម៉ឺននាក ទីតាំងចំនួន៦០កន្លែង

36

 

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមរយៈពេលពីរថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋបានចំនួន៦ម៉ឺននាក់។
យោងតាមរបាយការណ៍ នៅព្រឹកថ្ងៃចន្ទទី០៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា៖ នៅថ្ងៃទី០២ ខែឧសភា ក្រុមការងារចាក់បាន៣៣,៦៥៥នាក់ ស្រី ១៧,១៩៣ នាក់។ សរុបពីរថ្ងៃចាក់បានចំនួន៥៧,៣១៣ នាក់ ស្រី២៩,៥០៣នាក់។
ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៣,០៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ១២,៤៧១នាក់ខណ្ឌកំបូល ចាក់ បាន១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨,៥៩១នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង នៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានភាពល្អប្រសើរជាងថ្ងៃទី១។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា៖ លោកបានសម្រេចបង្កើនទីតាំងចាក់ពី៤៤ ទីតាំង
រហូតដល់៦០ទីតាំង និងបានបន្ថែម ក្រុមការងារចាក់វ៉ាក់សាំងរហូតដល់ជិត ៣ពាន់នាក់។ ការបន្ថែមកម្លាំង នេះ ដើម្បីបង្កើនល្បឿននៃការចាក់ឱ្យសម្រេចបានតែមផែនការកំណត់។
បើតាមលោក ឥត សារ៉ាត់ នៅមានបញ្ហាមួយ ចំនួនទៀតពាក់ព័ន្ធការបំពេញបណ្ណព័ត៌មានអត្ត សញ្ញាណ ដោយប្រជាពលរដ្ឋខ្លះមិនចេះបំពេញ និងបណ្ណដែលចែកទៅមិនបាន ដល់ដៃប្រជាពលរដ្ឋជាដើម។ សម្រាប់បញ្ហានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយ អាជ្ញាធរ ដើម្បីកែសម្រួលហើយ ដើម្បីឱ្យការមក
ចាក់របស់ប្រជាពលរដ្ឋបានលឿនបន្ថែមទៀត។
អ្នកដឹកនាំប្រតិបត្តិចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម បានបញ្ជាក់ថា រូបលោកនឹងបន្តពង្រាយកន្លែងចាក់វ៉ាក់សាំង និងកម្លាំងចាក់បន្ថែមទៀត ដើម្បីឱ្យ
ការងារចាក់បានកាន់តែឆាប់រហ័ស។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែង របស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញ ការងារ យ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋឱ្យបានតាមផែនការ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិត ខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជា ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖នៅថ្ងៃទី០១ ឧសភា រាជរដ្ឋាភិបាល កម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន ៣៣ នៃខណ្ឌមានជ័យ,ខណ្ឌដង្កោក,ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។
ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែល នឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនជិត ៥០ម៉ឺននាក់។
ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅ ឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅ ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្ត សញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង