ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បញ្ចេញផ្សាយវីដេអូ៖ តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះដើម្បីជួយប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងតំបន់បិទខ្ទប់?

123

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត មានរយៈពេលជាង១៣នាទី ក្រោមចំណងជើងថា តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះដើម្បីជួយប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងតំបន់បិទខ្ទប់? ។
វីដេអូស្ពតនេះ គឺជាកិច្ចសហការផលិតរួមគ្នារវាងអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ហៅកាត់ថា គ.ប.ខ. ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីជាប្រធាន ក្នុងគោលបំណងបន្តអប់រំ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងជាពិសេសដើម្បី «បង្ហាញឱ្យប្រជាពលរដ្ឋទូទៅបានឃើញនូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ដើម្បីការពារអាយុជីវីតប្រជាជនផង ទន្ទឹមនឹងការដោះស្រាយធានានូវជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិសាស្ត្រ បិទខ្ទប់ផងដែរ។
ខ្លឹមសារវីដេអូបានបង្ហាញថា បើទោះបីជានៅក្នុងតំបន់បិទខ្ទប់ រាល់ការធ្វើដំណើរ រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្មភាពនៃការជួបជុំនានា ត្រូវបានហាមឃាត់ក៏ពិតមែន ក៏ប៉ុន្តែ វិធានការទាំងអស់របស់ប្រមុខនៃរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាននីមួយៗដែលបានដាក់ចេញ គឺធ្វើឡើងដើម្បីការពារប្រជាពលរដ្ឋពីការយាយីនៃជំងឺកូវីដ ១៩ តែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក៏បាន ដុតដៃដុតជើងខ្លាំងណាស់ក្នុងការជួយប្រជាពលរដ្ឋដែលជួបការលំបាក។ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានដឹកនាំ បញ្ជា ចាត់ចែងដោយផ្ទាល់ដើម្បីគ្រប់គ្រង សភាពការណ៍គ្រប់កាលៈទេសៈ ទាំងយប់ទាំងថ្ងៃ និងបានប្រឹងប្រែងដោះស្រាយគ្រប់បញ្ហាដែល ប្រជាពលរដ្ឋជួបប្រទះដោយមិនដែលគិតពីការនឿយហត់ឡើយ ហើយស្ថិតក្នុងដំណាក់កាលដែល ប្រទេសជាតិជួបលំបាកបែបនេះ ការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់បំផុតចំពោះ មុខសម្រាប់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច។
ទន្ទឹមនឹងនោះ ពួកគេក៏ត្រូវគិតគូជា ប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាដែល ប្រជាពលរដ្ឋជួបប្រទះ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា « នឹងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះ ដោយដាច់បាយស្លាប់នោះឡើយ»។ វីដេអូ ក៏បានឱ្យដឹងផងដែរថា គិតមកដល់ថ្ងៃទី៣០ ខេមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់អំពីយន្តការនៃការទទួល និងការបែងចែកអំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ គឺត្រូវបានរៀបចំចាត់ចែង បែងចែកជូនដល់ប្រជាពលរដ្ឋដែល កំពុងរស់នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ សរុបបានចំនួន ១៨៤,៤០៦គ្រួសារ ដោយមិនខ្លាចនឿយហត់ ដោយមិនមានការរើសអើង និងដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ សកម្មភាពទាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យបាននូវជីវភាព រស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ និងដោយផ្តោតពិសេសទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ដែលមានស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩។
ទន្ទឹមនឹងការដាក់ចេញនូវវិធានការនានា សម្រាប់អនុវត្តក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ សកម្មភាពនៃការចុះនាំយក អំណោយសង្គ្រោះបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ អំណោយជាស្បៀងសង្គ្រោះបន្ទាន់ទាំងនោះ បានមកពីគ្រប់មជ្ឈដ្ឋាន ក្រោមស្មារតី ខ្មែរជួយគ្នាក្នុងគ្រាលំបាក ត្រូវបានអាជ្ញាធរសហការជាមួយកម្លាំងគ្រប់ប្រភេទ បន្តដឹកជញ្ជូននាំយកទៅចែកជូន ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដែលជាគោលដៅអាទិភាព។
គិតមកដល់ត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងខណ្ឌទាំង ១៤ បានទទួលអំណោយ និងជំនួយសង្រ្គោះបន្ទាន់ផ្សេងៗ រួមមាន ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី, អំណោយឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ, អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, អំណោយដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ឧបត្តម្ភជូនប្រជាពលរដ្ឋ,អំណោយជំនួយពីសប្បុរសជននានា។ ក្រៅពីនោះក៏មានការផ្តល់អង្ករដែល ជាការឆ្លើយតបទៅនឹងសំនូមពរផ្ទាល់របស់ប្រជាពលរដ្ឋមករដ្ឋបាលរាជធានីភ្នំពេញ និងគ្រឿងឧបភោគបរិភោគ ជាផ្សេងៗជាច្រើនទៀត និងបើគិតជាកញ្ចប់សម្ភារៈ ស្បៀងអាហារដែលបានឧបត្ថម្ភក្នុងខណ្ឌទាំង១៤ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋសរុប មានចំនួន២២៤.៤០៦គ្រួសារហើយ។

អំណោយសង្គ្រោះទាំងអស់នេះ គឺជាការគិតគូរជាចាំបាច់បំផុត ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាសប្បុរសជននានា ដើម្បីជួយសម្រួលជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយគ្មានអាហារបរិភោគ ហើយដែលអាជ្ញាធរមិនបានដឹង ឬមិនបានដោះស្រាយ ជួយឧបត្ថម្ភនោះឡើយ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏បាន បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមឲ្យបានគ្រប់គ្នា និងឲ្យបានឆាប់បំផុតផងដែរ។
ដូច្នេះ អ្វីដែលជាកត្តាគន្លឹះដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបាននៅពេលនេះ គឺការចូលរួមរបស់យើងទាំងអស់គ្ នាក្នុងការកាត់ផ្តាច់ខ្សែចំលងនៃជំងឺកូវីដ ១៩ ដើម្បីឱ្យប្រជាពលរដ្ឋយើងឆាប់បានរួចផុតពីវិធានការបិទខ្ទប់ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងស្រុង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
សូមទស្សនាវីដេអូ៖

អត្ថបទដែលជាប់ទាក់ទង