ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់ក្រហម ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីផ្តាច់កូវីដ-១៩ ឱ្យបានជោគជ័យ

63

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ក្នុងតំបន់ក្រហម
ត្រូវពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឱ្យចេញ ចូលទៅក្នុងតំបន់ក្រហមជាដាច់ខាត ។ក្រោយពីមាន ការប្រកាសនៃការបិទខ្ទប់តំបន់ក្រហមនេះជាថ្មីទៀត នៅតាមបណ្ដាលខណ្ឌមួយចំនួន ដូចជានៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករាជាដើម។
ការជំរុញនិងការណែនាំបែបនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែរលោកអញ្ជើញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមតំបន់ក្រហមមួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌឬស្សីកែវ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នេះ ។
ក្រៅពីការណែនាំឲ្យពង្រឹង នៅតាមគោលដៅទាំងប៉ុន្មានខាងលើនេះ លោកឃួង ស្រេង ក៏បាន ឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់អាជ្ញាធរនិងកងកម្លាំង ដែលបាននិងកំពុងឈរជើង នៅគោលដៅបិទខ្ទប់ទាំង
នោះផងដែរ ។ ការផ្តល់ជាថវិកានេះ គឺដើម្បីជាការលើកទឹកចិត្តឱ្យអាជ្ញាធរនិងកងកម្លាំង មានស្មារតី
ទទួលខុសត្រូវខ្ពស់ ក្នុងការបិទខ្ទប់តំបន់ក្រហម ទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងបាននូវ
ការរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ ផ្សេងទៀត ។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀត ជូនទៅលោក សាន្ត សំអាត មន្ត្រីប៉ូលីសប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរងរបួសក្បាលដោយខ្យល់ព្យុះកាលពីយប់ម៉ិញ ៥ឧសភានៅពេលកំពុងបំពេញការងារ។
លោកឃួង ស្រេងបានមានប្រសាសន៍ទៀតថា៖ ក្នុងនាមអាជ្ញាធរក៏ដូចជាកម្លាំង មានសមត្ថកិច្ចត្រូវណែនាំពន្យល់ ប្រជាពលរដ្ឋឲ្យបានយល់ ពីហេតុផល នៃការបិទខ្ទប់នេះ ដែលសកម្មភាពបែបនេះ របស់អាជ្ញាធរក៏ដូចជា កងកម្លាំងប្រដាប់អាវុធ មានគោលបំណងតែមួយគត់ នោះគឺរក្សាជីវិត បងប្អូនទាំងអស់គ្នា កុំឲ្យឆ្លងនូវការជំងឺកូវីដ-១៩ មិនមានចេតនាណាមួយធ្វើបាបបងប្អូនទេ។
លោកឃួង ស្រេង ក្រៅពីការណែនាំនិងជំរុញឲ្យ រឹតបន្តឹង នៅតាមគោលដៅសំខាន់ៗ នៃច្រកចេញចូលតំបន់ក្រហមនេះហើយ លោកឃួង ស្រេង នូវបានណែនាំនិងបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ក្រហម ទាំងនេះផងដែរ ពិសេស នៅតំបន់ផ្ទះជួលរបស់កម្មករ
កម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តា រោងចក្រដែលមានបញ្ហាប្រឈមខ្លាំង នៃការរីករាលដាលជំងឺកូវីដ-១៩ ។
ដោយឡែកចំពោះការ ផ្ដល់អំណោយជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែបន្តចែកជូនទៅដល់ បងប្អូនប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត នៅតាមតំបន់ក្រហមនេះឯង៕

អត្ថបទដែលជាប់ទាក់ទង