ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ អំពាវនាវអោយពលរដ្ឋនៅ តំបន់ក្រហមចូលរួម អនុវត្តអនុសាសន៍របស់ សម្តេចតេជោ ៣ការពារ ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីអាជ្ញាធររាជធានី បើកតំបន់ទាំង៦ឡើងវិញ ,សប្បុរសជនសហរដ្ឋអាមេរិក បន្តចែកអំណោយជូន

48

 

ភ្នំពេញ ៖ អភិបាលរងខណ្ឌមាន ស្នើដល់ប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហមចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីអាជ្ញាធររាជធានី បើកតំបន់ទាំង៦ឡើងវិញ និងដំណើរការជីវភាពរស់នៅរបស់បងប្អូន ប៉ុន្តែបើបងប្អូននៅតែឆ្លងវិជ្ជមានក្នុងតំបន់ដដែល នោះអាជ្ញាធរបន្តបិទខ្ទប់តំបន់បងប្អូនរស់នៅ រយៈពេលមួយសប្តាហ៍ទៀត ។
លោក ឌី រ័ត្នខេមរុណ បន្តទៀតថា ក្នុងខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់យកសង្កាត់ចំនួន៤ ជាតំបន់ក្រហម ដោយជម្ងឺកូវីដ-១៩ ហើយបើគិតមកដល់ពេលនេះ ក្នុងខណ្ឌមួយនេះ មានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ កើនឡើងដល់ចំនួន ១៦នាក់ហើយ ខណៈដែលអ្នកមានវិជ្ជមានកូវីដ-១៩ បានកើនឡើង រហូតដល់ ២០០៧នាក់ ហើយទីតាំង ចត្តាឡីស័ក មានជាង១០០០កន្លែងឯណោះ ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ខណៈដែលលោក និងលោក យន្ត សួន តំណាងម្ចាស់អំណោយនៅសហរដ្ឋអាមេរិក និងលោកស្រី អ៊ូ សៀថុង អញ្ជើញចុះចែកអំណោយជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ។
លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមនៅសង្កាត់ស្ទឹងមានជ័យ២នេះ កើតចេញពីគំនិតផ្តួចផ្តើម កៀងគរថវិកា ពីឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកអោយលោក ជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ ក្នុងនោះភូមិព្រែកទាល់ ១០០គ្រួសារ, ភូមិព្រែកទាល់១ ចំនួន ១០០គ្រួសារ និងដំណាក់ធំ៤ ចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ១បាវស្មើ ២៥គីឡូ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខ ១យួរ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបាសក ឆាយ អុីវ ស៊ាង និងឧបាសិកា ហុង គឹមសែ តាមរយៈលោក យន្ត សួន តំណាងម្ចាស់អំណោយ នៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកាទាំងនេះ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់ស្ទឹងមានជ័យនេះ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ បានបញ្ចាក់ថា ក្នុងខណ្ឌមានជ័យ ប្រជាពលរដ្ឋបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានី បានចំនួន ៦៥.៥៤៧គ្រួសារ ។ ដោយឡែក អំណោយសប្បុរសជនយកមកចែកជូនបានជាង៥០០០គ្រួសារផងដែរ ។
លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ក្នុងខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់សង្កាត់ចំនួន ៤ ថា ជាតំបន់ក្រហមដោយជម្ងឺកូវីដ-១៩ ហើយគិតមកដល់ពេលនេះ ក្នុងសង្កាត់មួយនេះ មានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ ចំនួន ១៦នាក់ ហើយ ។ ចំណែកអ្នកមានវិជ្ជមានកូវិដ-១៩វិញ បានកើនឡើងរហូតដល់ ២០០៧នាក់ហើយដែរ ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំ និង ៣ការពារ។ ពិសេសកុំចាកចេញពីផ្ទះ យើងត្រូវតែយកឈ្នះកូវីដ-១៩អោយបាន ៕    

អត្ថបទដែលជាប់ទាក់ទង