ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ឃាត់ខ្លួនអ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋ ជាង១០០នាក់ ដែលព្យាយាមសម្រុកចាកចេញ ពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ

386

 

ភ្នំពេញ ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋ ដែលបានព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង១០០នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ជាមួយនឹងការយកសំណាក ពីពួកគាត់ទាំងអស់គ្នានេះផងដែរ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ខាងលើ ធ្វើឡើងនារសៀល ថ្ងៃទី០៨ ខែឧសភានេះ ទៅតាមបទបញ្ជា និងការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានមានប្រសាសន៍ថា ដោយមានការបញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ី ចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់ (តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។

លោកបញ្ជាក់ថា ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។

ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា បានធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត
ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើស ដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។
លោកអភិបាលរង សូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំ របស់អាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង