ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ហ៊្វុនស៊ិនប៉ិច ដាក់ឈាមថ្មី ក្រោយធ្លាក់សម្លេង រហូតបាត់អាសនៈនៅរដ្ឋសភា ២អាណត្តិជាប់គ្នា

321

ភ្នំពេញ៖ក្រោយពីមិនទទួលបានអាសនៈនៅរដ្ឋសភា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចដាក់ឈាមថ្មីចូល។ ពោលគឺឈាមថ្មីនោះដំបូងគេព្រះអង្គ បានតែងតាំងព្រះបុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជាប្រធានស្តីទី ព្រមទាំងអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចថ្មី គឺលោក ពេជ្រ សូដេថ្ថា។
ជាមួយនឹងការសម្រេចនេះ នៅថ្ងៃដដែល គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅទីក្រុងបាងកក ប្រទេសថៃ ក៏បានសម្រេចដកតំណែងអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ពីមន្ត្រីចាស់ៗរបស់ព្រះអង្គ ៣ រូប គឺលោក យូហុកគ្រី លោកប៉ោប៊ុនស្រ៊ឺ និងលោក ញ៉េបប៊ុនជិន។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទៅសម្រាកព្យាបាលជំងឺនៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីព្រះអង្គ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់ រីឯសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រងរបួសធ្ងន់។

សម្តេចក្រុមព្រះផ្ទាល់ព្រះអង្គ បានដឹងខ្លួនច្បាស់ ហើយព្រះអង្គកាន់តែចាស់ ដូច្នេះបានតែងតាំងអ្នកបន្តវេន ដោយដាក់ព្រះបុត្រាច្បងរបស់ព្រះអង្គ។ ព្រះបុត្រា នរោត្តម ចក្រាវុឌ្ឍ ជាបុត្រច្បង ក្នុងចំណោមបុត្រា និងបុត្រី ៣ អង្គ ជាមួយនឹងអ្នកម្នាង ម៉ារី ដែលបានលែងលះ កាលពីឆ្នាំ២០០៦។
ការតែងតាំងព្រះបុត្រា នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិចនេះ ទៅថ្ងៃមុខ ច្បាស់ជានឹងឡើងធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសព្រះអង្គ។ សម្តេចក្រុមព្រះ ដឹកនាំហ៊្វុនស៊ិនប៉ិច តាំងពីឆ្នាំ១៩៩៣ ធ្លាក់សម្លេងរហូត ដូច្នេះដល់ពេលប្តូរចេញ ទុកឲ្យក្មេង ឈាមថ្មី មកដឹកនាំម្តងមើល។ នៅអាណត្តិក្រោយ គេសង្ឃឹមថា កូនរបស់មេដឹកនាំគណបក្សផ្សេងទៀត ក៏នឹងចូលរួមប្រជែងការបោះឆ្នោត នៅឆ្នាំ២០២៣ ផងដែរ។
មួយវិញទៀត មន្ត្រីចាស់ៗ ដូចជា លោក យូហុកគ្រី លោកប៉ោប៊ុនស្រ៊ឺ និងលោក ញ៉េបប៊ុនជិន ជាដើម ដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដកចេញនោះ គឺជាខ្សែអេបអបអ្នកម្នាងអ៊ុកផល្លា។ តែពេលនេះ អ្នកម្នាង អ៊ុកផល្លា បានទទួលមរណភាពហើយ ដូច្នេះក្រុមខ្សែចាស់នេះ ត្រូវតែប្តូរចេញ ហើយដាក់ខ្សែរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម ម៉ារី ឡើងវិញម្តងហើយ។
ជាការពិត នៅពេលព្រះបុត្រា នរោត្តម ចក្រាវុឌ្ឍ ឡើងជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច គឺគេត្រូវបោសសម្អាតអ្នកខុសខ្សែហើយ។ នៅប្រទេសណា នៅគណបក្សណា ឬក៏នៅតាមក្រសួងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនណា ក៏គេធ្វើដូច្នេះដែរ។
ជាការកត់សម្គាល់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលបានប្រែក្លាយពីចលនាតស៊ូ នៅព្រំដែនថៃ ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ក្រោយមកទៅជាគណបក្ស ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ១៩៩៣ បានឈ្នះការបោះឆ្នោត ចំនួន៥៨ អាសនៈ ។ ក៏ប៉ុន្តែជាបន្តបន្ទាប់មក គណបក្សហ៊្វុនស៊ិនប៉ិច បានថមថយអាសនៈនៅរដ្ឋសភា រហូតដល់លែងមានសំឡេងនៅរដ្ឋសភា ក្នុងឆ្នាំ២០១៣ និងនៅឆ្នាំ២០១៨។ ពោលគឺគណបក្សហ៊្វុនស៊ិនប៉ិច ថយសំឡេងពី ៥៨ អាសនៈ នៅឆ្នាំ១៩៩៣ មកនៅត្រឹម ៤៣ នៅឆ្នាំ១៩៩៨ ថយមកត្រឹម ២៦ អាសនៈ នៅឆ្នាំ២០០៣ និងបន្តថយមកនៅត្រឹម ២ អាសនៈ នៅឆ្នាំ២០០៨។មូលហេតុចម្បងនៃការថមថយសម្លេងឆ្នោត និងអាសនៈនៅរដ្ឋសភា របស់គណបក្សហ៊្វុនស៊ិនប៉ិច រហូតដល់បាត់សម្លេងនៅរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺការបែកបាក់ផ្ទៃក្នុង។
ការបែកបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ដែលផ្តើមដំបូង ដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥ ហើយបន្តមកទៀត នៅក្រោយការបោះឆ្នោត នៅឆ្នាំ២០០៣ ដែលមន្ត្រីហ៊្វុនស៊ិនប៉ិចមួយចំនួនធំ ចេញពីសម្តេចក្រុមព្រះ ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូចម្រុះក្នុងរាជរដ្ឋាភិបាល ហើយការបែកបាក់ចុងក្រោយធំបំផុត គឺរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងក្រុមលោកញឹកប៊ុនឆៃ នៅខែតុលា ឆ្នាំ២០០៦។ក្រោយខែតុលា ឆ្នាំ២០០៦ ក្រុមរបស់លោកញឹកប៊ុនឆៃ បានយកគណបក្សហ៊្វុនស៊ិនប៉ិចទៅគ្រប់គ្រង ដោយលើកលោកកែវពុទ្ធរស្មី ស្វាមីរបស់សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ជាប្រធាន ហើយក្រោយមកលើកសម្តេចព្រះអនុជ ជាប្រធាន។ រីឯសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងមន្ត្រីស្មោះស្ម័គ្រនឹងព្រះអង្គ បានទៅបង្កើតគណបក្សថ្មី ប្រជែងនឹងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលបានត្រឹមតែ ២អាសនៈម្នាក់ប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតតំណាងរាស្ត្រ នៅឆ្នាំ២០០៨។
ក្រោយមក នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏មានការរួបរួមឡើងវិញរវាងលោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយបានប្រគល់គណបក្សហ៊្វុនស៊ិនប៉ិច ថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឡើងធ្វើជាប្រធាន បន្តដល់សព្វថ្ងៃ។ ក៏ប៉ុន្តែការរួបរួមនោះ មិនបានប៉ុន្មានផង ក៏បែកជាថ្មីទៀត។ លោក ញឹក ប៊ុនឆៃ និងក្រុមអ្នកស្មោះស្ម័គ្រនឹងលោក បានចេញទៅបង្កើតគណបក្សថ្មីមួយវិញម្តង គឺគណបក្សខ្មែររួបរួមជាតិ ហើយបានបន្តប្រជែងរវាងអ្នករាជានិយម ជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច។ ទីបំផុត គណបក្សទាំងពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ចាញ់ទាំងពីរ នៅក្នុងការបោះឆ្នោត ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨។
នៅពេលនេះទៀត ហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏កំពុងប្រឈមនឹងការបែកបាក់ទៀតហើយ ក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដកតំណែងមន្ត្រីគ្រាក់ៗ ចាស់ៗជំនិតៗ ដង្ហែតាមព្រះអង្គ ៤ រូប គឺលោក យូ ហុកគ្រី លោកប៉ោប៊ុនស្រ៊ឺ លោកញ៉េបប៊ុនជិន ចេញពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងដកលោកលោកយឹមសាវី ចេញពីអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មន្ត្រីជាន់ខ្ពស់គ្រាក់ៗ ទាំង ៤ រូប ក៏បានសរសេរលិខិតរួមគ្នា ថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយប្រកាសលាលែងពីមុខតំណែងថ្មី ដែលព្រះអង្គ ទើបតែតែងតាំង។ មន្ត្រីគ្រាក់ៗទាំង ៤រូប ស្នើសុំសម្តេចក្រុមព្រះ នៅត្រឹមតែជាសមាជិកធម្មតារបស់គណបក្សហ្វ៊ុនស៊ិនប៉ិចតែប៉ុណ្ណោះ។
សូមរម្លឹកថា៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលជំងឺនៅទីក្រុងបាងកក ប្រទេសថៃ បានចេញលិខិត សម្រេចដកតំណែងលោក យូ ហុកគ្រី លោក ប៉ោប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ពីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយតែងតែលោកទាំង ៣ ជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។ជាមួយគ្នានោះ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានចេញលិខិតដាច់ដោយឡែកមួយទៀត សម្រេចដកតំណែងលោក យឹម សាវី ពីអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយតែងតាំងលោក យឹម សាវី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ប៉ុន្តែនៅក្នុងលិខិតរួម ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោក យូហុកគ្រី លោកប៉ោប៊ុនស្រ៊ឺ លោកញ៉េបប៊ុនជិន និងលោកយឹមសាវី បានលើកឡើងថា “ដោយទូលព្រះបង្គំយើងខ្ញុំ ពុំអាចបំពេញតួនាទីខាងលើនេះបានដោយប្រសិទ្ធភាព ទូលព្រះបង្គំយើងខ្ញុំ សូមព្រះអនុញ្ញាតលាលែងពីមុខដំណែតខាងលើនេះ ដោយសុំរក្សាទុកស្ថានភាពជាសមាជិកស្របតាមលក្ខន្តិកៈរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចតែប៉ុណ្ណោះ”។
សរុបមក ចាប់ពីពេលនេះតទៅ ប្រហែលជាគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្យាយាមចាក់ឈាមថ្មីចូល នឹងត្រូវបែកបាក់ម្តងទៀតហើយ ដោយសារតែឈាមចាស់ មិនអាចរលាយចូលជាមួយឈាមថ្មីបាន។ ដូច្នេះប្រហែលមានតែសម្តេចក្រុមព្រះ យាងមកបន្តដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ហើយព្យាយាមចាក់ឈាមថ្មី បញ្ចូលសន្សឹមៗ ទម្រាំឈាមចាស់ និងឈាមថ្មី រលាយចូលគ្នាបាន៕

អត្ថបទដែលជាប់ទាក់ទង