ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់

59

 

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (១២នាក់ ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ និង ០៩នាក់ ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងនោះស្រុកកងមាស ០៧នាក់ និងស្រុកចំការលើ ០២នាក់) ក្នុងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត យកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លើកម្មករ -កម្មការិនីរោងចក្រ លី ឈាងខប ដែលមានការសង្ស័យ ចំនួន ៤២៥នាក់ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ និងការធ្វើតេស្តរហ័សលើអ្នកដែល បានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២១នាក់ ទទួលបានលទ្ធផលវិជ្ជមាន ចំនួន ០៨នាក់។ បន្ថែមពី នេះ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណ៏វិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ និងបានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ កំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺ ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយក សំណាកនៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈ លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបង ប្អូនកម្មករ-កម្មការិនី និងមិត្តភ័ក្ត្រដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ ខ្លួននូវវិធានការ “ ៣កុំ ៣ការពារ»។ ជាមួយគ្នានេះ បងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

អត្ថបទដែលជាប់ទាក់ទង